សារលិខិតជូនពររបស់ក្រសួងអប់រំ យុវជន និងកីឡាជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦-- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលមានខ្លឹមសារថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្សទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវសេចក្តីអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូនពរសព្ទសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកត្តញ្ញូតាធម៌ដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាន និងកំពុងខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងបញ្ញាញាណ ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ជាក់ស្តែងក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តជំរុញឱ្យគ្រប់វិស័យមានការរីកចម្រើនទៅមុខយ៉ាងឥតឈប់ឈរ ដែលជាមូលដ្ឋានសំខាន់ក្នុងការធានាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០ និង ២០៥០ ទោះបីជាព្រះរាជាណាចក្រកម្ពុជាបានទទួលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន និងបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោកក៏ដោយ។
ក្នុងមនោសញ្ចេតនារំភើបសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យើងខ្ញុំទាំងអស់សូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





