ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន វ៉ាង វិនពីន ចុះផ្ទាល់ដល់មូលដ្ឋាននាំយកអំណោយមនុស្សធម៌ជូនជនភៀសសឹក ១.៧០០គ្រួសារ នៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- ក្នុងស្មារតីជួយគ្នាក្នុងគ្រាអាសន្ន និងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បងប្អូនជនភៀសសឹកចំនួន ១.៧០០គ្រួសារ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្នក្នុងភូមិសាស្ត្រស្រុកស្វាយចេក។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលចិនចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន មិនដែលបំភ្លេចមិត្តភាពដ៏ស្មោះត្រង់ជាមួយកម្ពុជានោះឡើយ។ ការនាំយកអំណោយមនុស្សធម៌នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការរួមសុខរួមទុក្ខ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹកឱ្យមានជីវភាពសមរម្យ និងមានកម្លាំងចិត្តក្នុងជម្រកបណ្តោះអាសន្ននេះ។

ឯកឧត្តមបានបន្ថែមថា មិត្តភាព "ដែកថែប" មិនមែនមានត្រឹមតែក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ គឺស្តែងចេញតាមរយៈការជួយសង្គ្រោះ និងការគិតគូរដល់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ជាពិសេសក្នុងគ្រាដែលបងប្អូនជួបប្រទះនឹងការផ្លាស់ប្តូរទីលំនៅដោយសារស្ថានភាពភៀសសឹក។

ជាការឆ្លើយតប ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូត។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែនៅក្បែរកម្ពុជាគ្រប់កាលៈទេសៈ។

ឯកឧត្តម បានមានប្រសាសន៍ថា "ក្នុងនាមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម វ៉ាង វិនពីន និងរដ្ឋាភិបាលចិន។ ជំនួយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមហាសាល មិនត្រឹមតែជួយដោះស្រាយបញ្ហាចំពោះមុខរបស់បងប្អូនជនភៀសសឹកទាំង ១.៧០០គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេង បង្ហាញថាពួកគេមិនត្រូវបានបោះបង់ចោលឡើយ"។

អំណោយដែលបានចែកជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនទៀត ដែលត្រូវបានប្រគល់ជូនដល់ដៃបងប្អូនជនភៀសសឹក នៅទីតាំងជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។សកម្មភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងចិន ដែលមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែគឺជា "សហគមន៍វាសនារួម" ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជនជាចម្បង៕

ដោយ៖ ឈុន សារ៉ាត





