បទយកការណ៍៖ វត្តអារាម នៅក្នុងក្រុងសៀមរាម ត្រៀមស្វាគមន៍ឆ្នាំថ្មី
AKP សៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ បានប្រព្រឹត្ដទៅដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ១ថ្ងៃ ឬ ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នាសម្អាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ចំណែកតាមបណ្តាវត្តអារាមនៅទូទាំងប្រទេស ក៏កំពុងមមាញឹកតុបតែងលម្អដោយភ្លើងពណ៌ គោម និងសម្ភារៈប្រពៃណី ដើម្បីទទួលទេវតាឆ្នាំថ្មី។

ជាក់ស្តែងនៅតាមបណ្តាវត្តនានា នៅក្នុងក្រុងសៀមរាប ខេត្ដសៀមរាប យើងឃើញថា ព្រះសង្ឃ និងគណៈកម្មការវត្តបានរៀបចំបរិវេណវត្តឱ្យមានបរិស្ថានល្អ និងសោភ័ណភាពស្អាត អមជាមួយការចងគោមផ្កាយ គោមផ្ការំដូល ទង់ចម្រុះពណ៌ និងសម្ភារៈខ្មែរផ្សេងៗ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន្ត ព្រះគ្រូចៅអធិការវត្តប្រាសាទគោចក ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដីកាឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វត្តអារាម គឺជាកន្លែង នៃការជួបជុំរបស់ពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន និងមានកិច្ចពិធីសំខាន់ៗ ដូចជាការទទួលទេវតា, ការពូនភ្នំខ្សាច់, ការលេងល្បែងប្រជាប្រិយនានា និងពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខសប្បាយ ជាដើម។ ព្រះគ្រូវិចិត្រវង្សាបន្តថា សម្រាប់វត្តប្រាសាទគោកចក គឺបានកំពុងតែមមាញឹកក្នុងការរៀបចំតុបតែងលំម្អក្នុងបរិវេណវត្ត ដូចជាចងទង់សាសនា ទង់រលក ទង់ជ្វាលា រៀបចំភ្នំខ្សាច់ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០។

ព្រះគ្រូចៅអធិការបានឱ្យដឹងទៀតថា សម្រាប់វត្តគោកចកឆ្នាំនេះ បានសហការជាមួយអាជ្ញាធរសង្កាត់ ក្រុង ខេត្ត និងមានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ ក្នុងវត្ដ បានលេងកម្សាន្ដសប្បាយ បើទោះបីពួកគាត់មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញបាន ប៉ុន្តពួកគាត់បានធ្វើបុណ្យធ្វើទាន និងចូលរួមលេងល្បែងប្រជាប្រិយ នៅក្នុងវត្តនេះបានផងដែរ។ ជាមួយគ្នានេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ វត្តប្រាសាទគោកចកសហការជាមួយអាជ្ញាធរ និងរៀបចំអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក បានទទួលទានជុំគ្នា រៀបចំ បង្សុកូលឧទ្ទិសបុណ្យកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារមាតុភូមិកម្ពុជាកន្លងមកនេះ និងឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។

យោងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងរយៈពេល៣បីថ្ងៃដោយមានការរៀបចំកម្មវិធីទៅតាមថ្ងៃនីមួយៗផងដែរ។ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឱ្យឈ្មោះថា ”ថ្ងៃសង្ក្រាន្ត” ដែលប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការៈ ដើម្បីទទួលទេវតាថ្មី។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។ ថ្ងៃទី២ ដែលប្រជាពលរដ្ឋឱ្យឈ្មោះថា “ថ្ងៃវារវ័នប័ត” ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ឬចែកទានដល់អ្នកទីទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ដែរ។ ថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថា “ថ្ងៃឡើងស័ក្តិ” តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេសគឺធ្វើពីធីស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិ ផងដែរ៕

ដោយ៖ ឃុត សៅ





