សម្លការី និងនំប៉័ងរាប់ពាន់ដើម ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានចែកជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសមុំបី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP ព្រះវិហារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ -- ទោះបីជាបេសកកម្មការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន បង្កប់ដោយភាពហត់នឿយ និងត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃយ៉ាងណាក៏ដោយ ក៏វីរកងទ័ពជួរមុខរបស់យើង នៅតែរក្សាបាននូវស្មារតីរឹងមាំ និងភាពកក់ក្ដៅ ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការសាកសួរសុខទុក្ខមិនដាច់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យជាតិម្ដងៗ។

ជាក់ស្ដែង ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះការលះបង់ខ្ពស់របស់វីរកងទ័ព សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានផ្ដល់នូវអំណោយថវិកាដ៏ថ្លៃថ្លា តាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងរៀបចំជាម្ហូបអាហារ នាំយកទៅចែកជូនដល់បងប្អូនវីរកងទ័ពសមរភូមិមុខ។ តួយ៉ាងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ នំប៉័ងរាប់ពាន់ដើម និងសម្លការីរាប់ពាន់កញ្ចប់ ត្រូវបានរៀបចំ និងនាំយកទៅចែកជូនដល់វីរកងទ័ព នៅគ្រប់បណ្ដាអង្គភាពនានា ចំណុះឱ្យកងពលតូចអន្ដរាគមន៍លេខ៩។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានពាំនាំនូវមនោសញ្ចេត និងការផ្ដាំផ្ញើសាកសួរសុខទុក្ខដ៏ជ្រាលជ្រៅ ពីសំណាក់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលជានិច្ចកាល សម្ដេចតែងតែមានក្ដីបារម្ភ នឹករលឹក និងតាមដានរាល់សុខទុក្ខរបស់បងប្អូនយុទ្ធជនជានិច្ច។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការរៀបចំអាហារក្ដៅៗជូននៅថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ដែលបានគិតគូរ និងលើកទឹកចិត្តបងប្អូននៅសមរភូមិមុខ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ចាក់យ៉ាងដូច្នេះថា៖ «សម្ដេចបានចាត់ឱ្យខ្ញុំ រៀបចំសម្លការីជូនបងប្អូនវីរកងទ័ពនៅសមរភូមិមុខ ដើម្បីជាការលើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទោះបីសម្ដេចមិនបានមកផ្ទាល់ ប៉ុន្តែសម្ដេចតែងតែគិតគូរ និងបារម្ភពីសុខទុក្ខបងប្អូនជានិច្ច។ កន្លងមក សម្ដេចបានជួយដល់ជនភៀសសឹកបានច្រើន និងបានផ្ដល់មធ្យោបាយជាម៉ូតូដល់កងទ័ពជួរមុខថែមទៀតផង។»
បន្ទាប់ពីបានទទួលនូវអាហារក្ដៅៗ និងប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្តរួចមក លោកមេបញ្ជាការកងពលតូចលេខ៩ តំណាងឱ្យជាវីរកងទ័ពទាំងអស់ បានបង្ហាញនូវក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច និងឯកឧត្តមអភិបាលខេត្ត ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់បងប្អូនកងទ័ពនៅទិសមុំបីនេះផ្ទាល់។ លោកមេបញ្ជាការបានបន្ថែមថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានពាំនាំនូវអំណោយរបស់សម្ដេចមកដល់ទីនេះ។ ថវិកាដែលទទួលបាន យើងបានរៀបចំជាសម្លការីនំប៉័ងចែកជូនដល់កងទ័ពបានហូបគ្រប់ៗគ្នា និងសូមគោរពជូនពរសម្ដេចឱ្យមានអាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា»៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





