ភ្ញៀវទេសចរជនជាតិចិនជិត ១ ០០០នាក់ ចូលមកទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ
AKP ព្រះសីហនុ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ – ថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Piano Land បាននាំភ្ញៀវទេសចរចិន ជិត ១០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចរយពេលមួយថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Piano Land មានសញ្ជាតិ Bermuda មានបណ្តោយ ២៦០.៩៧ម៉ែត្រ ទទឹង ៣២.២ម៉ែត្រ ជំរៅទឹក ៨.២៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៩៩៦នាក់ ស្រី ៥៥៧នាក់ ស្មើនឹង ១១សញ្ជាតិ និងមាននាវិកសរុបចំនួន ៥០១នាក់ ស្រី ១២៤នាក់ ស្មើនឹង ១៣សញ្ជាតិ។

នាវាទេសចរណ៍ Piano Land បានធ្វើដំណើរចាកចេញពីប្រទេស Brunei ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម ។ ហើយភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេគឺចិន មានចំនួន ៩៦១នាក់ ស្រី ៥៤០នាក់ ។

ទន្ទឹមនិងការចូលចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មន្ត្រីអន្តោប្រវេសន៍នៃកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលបែបបទជូនភ្ញៀវបានលឿន ឆាប់រហ័សដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ពួកគាត់មានទំនុកចិត្តនៃការបម្រើសេវាសាធារណៈ និងមកកាន់ប្រទេសកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ ។
នេះជាការចូលចតរបស់នាវាទេសចរណ៍បរទេសជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាសញ្ញាបង្ហាញពីកំណើនភ្ញៀវទេសចរអឺរ៉ុប និងអាស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍គ្នានផ្សែងមួយនេះ ជាមាសបៃតង និងការនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារផងដែរ ។
ភ្ញៀវទេសចរបានធ្វើដំណើកម្សាន្តនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ មានដូចជា ភូមិនេសាទ ទំនប់រលក ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រូបសំណាកក្នុងខេត្ត តំបន់វប្បធម៌មាន ដូចជាវត្តអារាមនានាក្នុងក្រុង ខេត្តព្រះសីហនុជាដើម ៕
ដោយ៖ ងូ សុមុនី





