អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នាំយកសិរីសួស្តី និងក្តីសង្ឃឹមជូនបងប្អូនមណ្ឌលជនភៀសសឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ – ក្នុងបរិយាកាសដ៏សែនមនោរម្យនៃការត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានបង្ហាញនូវកាយវិការមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

នៅព្រឹកថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំង លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត បួងសួងសុំសេចក្តីសុខ នៅមណ្ឌលជនភៀសសឹក ស្ថិតក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌល ដោយក្តីអាណិតស្រឡាញ់ និងការតាំងចិត្តខ្ពស់ថា "ការមកកាន់មណ្ឌលជនភៀសសឹកក្នុងថ្ងៃនេះ គឺដើម្បីនាំមកនូវសេចក្តីសុខ និងពរជ័យ ឱ្យបងប្អូនយើងទទួលបាននូវភាពកក់ក្តៅ និងការសប្បាយរីករាយដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ។ យើងមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយឯកោ ឬខ្វះការយកចិត្តទុកដាក់នោះឡើយ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលជាពេលវេលានៃការជួបជុំ និងសិរីសួស្តីនេះ។"

ពិធីសូត្រមន្តនេះមិនត្រឹមតែជាការបំពេញតាមទំនៀមទម្លាប់សាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធនាការផ្តល់ "កម្លាំងចិត្ត" យ៉ាងសំខាន់។ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ និងបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដើម្បីកម្ចាត់គ្រោះចង្រៃ បណ្តេញនូវរាល់ឧបទ្រពចង្រៃទាំងឡាយឱ្យវិនាសសាបសូន្យទៅជាមួយឆ្នាំចាស់។ ប្រោះព្រំសិរីសួស្តី ជ័យមង្គល និងសុខភាពមាំមួនជូនដល់បងប្អូនក្នុងមណ្ឌលគ្រប់ៗរូប។ បួងសួងសុំឱ្យសុខសន្តិភាព និងការរីកចម្រើនកើតមានលើគ្រប់គ្រួសារ និងទូទាំងខេត្តបន្ទាយមានជ័យ។

វត្តមានផ្ទាល់របស់ថ្នាក់ដឹកនាំខេត្ត បានធ្វើឱ្យមណ្ឌលជនភៀសសឹកដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ ប្រែជាមានភាពរស់រវើក និងពោរពេញដោយស្នាមញញឹមពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ នេះគឺជាសក្ខីភាពនៃស្មារតីសាមគ្គីភាពរវាង "រដ្ឋបាលខេត្ត និងប្រជាជន" ដែលផ្សារភ្ជាប់គ្នាដូចសាច់និងឈាម។
តាមរយៈប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត តែងតែនៅក្បែរ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងអនាគតដ៏រុងរឿងសម្រាប់ខេត្តបន្ទាយមានជ័យតទៅមុខទៀត៕
ដោយ៖ ឈុន សារ៉ាត





