បទយកការណ៍៖ពិធី«កាត់សក់បង្កក់ឆ្មប» នៅតែនិយមធ្វើសម្រាប់អ្នកស្រុកអង្គរ
AKP សៀមរាប ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ -- ទោះបីក្បួនវេជ្ជសាស្ត្រក្នុងការថែទាំមាតានិងទារក ជាពិសេសនៅសម័យទំនើបនេះ មានមន្ទីរសម្ភពស្ទើរគ្រប់ទិសទី ប៉ុន្តែអ្នកស្រុកអង្គរនៅតែរក្សាបាននូវវប្បធម៌ និងអរិយធម៌ពីបុរាណបានតកូនតចៅជារៀងដរាបរហូតដល់សម័យបច្ចុប្បន្ន។

មាតាសម័យថ្មីជ្រើសយកការឆ្លងទន្លេនៅមន្ទីរពេទ្យ ជំនួសដោយឆ្មបបុរាណតាមផ្ទះ ដោយបារម្ភពីសុវត្ថិភាពពេលសម្រាល ស្របពេលដែលវេជ្ជសាស្ត្រទំនើបជឿនលឿន ដែលក្រសួងសុខាភិបាលបានជំរុញទៅដល់ជនបទ ជាពិសេស គោលនយោបាយកាត់បន្ថយអត្រាមរណមាតា និងទារក។ ទោះបីជា វេជ្ជសាស្ត្រជឿនលឿនក្ដី ក្រោយសម្រាលបានមួយសប្ដាហ៍ ឬមួយខែ អ្នកស្រុកអង្គរ នៅតែនិយមធ្វើកិច្ចពិធី «កាត់សក់បង្កក់ឆ្មប» ខ្លះហៅថា «ទម្លាក់ជើងក្រាន ចេញខែ ឬស្រាយខ្សែ» ដែលជាប្រពៃណីអ្នកអង្គរ ជាកិច្ចដំបូងនៃដំណើរពិធីឆ្លងវ័យ។

លោក តូច សុភៈ បុរាណវិទូ និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌អរូបីរបស់អាជ្ញាធរជាតិអប្សរាលើកឡើងថា កិច្ចពិធី «កាត់សក់បង្កក់ឆ្មប» គឺធ្វើឡើងសម្រាប់មនុស្ស៣នាក់ មានយាយម៉ប ម្តាយ និងទារក។ លោកបន្តថា ចំពោះយាយម៉ប គឺដើម្បីឱ្យម្តាយសុំខមាទោសចំពោះឆ្មប ដែលបានជួយបង្កើតកូន បង្កក់លាងជម្រះមន្ទិលប្រឡាក់ប្រឡូស កុំឱ្យមានកម្មមានពៀរ។ ចំពោះម្តាយ គេតែងឱ្យដេកឆ្អើរភ្លើង (ពេទ្យណែនាំពុំឱ្យបន្ដធ្វើទៀតទេ) ការណ៍នេះ មានត្រណម និងកិច្ចពិធីជាច្រើន ម្ល៉ោះហើយ គេត្រូវធ្វើពិធីទម្លាក់ជើងក្រាន ដើម្បីរំងាប់ពិសភ្លើង និងលាត្រណមផង។ ចំពោះកូនវិញ គឺគេកាត់សក់ព្រៃ ដើម្បីផ្តាច់ខ្លួនពីម្តាយដើម និងដើម្បីឱ្យមានសណ្ដាប់ពេលមកជាស្រុកផង។
កាលកន្លងទៅថ្មីៗនេះ គ្រួសារមួយដែលទើបឆ្លងទន្លេបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាប។ ក្រុមគ្រួសារបានព្រមព្រៀងរៀបចំកិច្ចពិធី«កាត់សក់បង្កក់ឆ្មប» នៅផ្ទះកំណើតរបស់ខ្លួន ស្ថិតនៅភូមិចំបក់ហែរ ស្រុកពួក ខេត្តសៀមរាប។ ក្នុងកិច្ចនេះ ត្រូវមានយាយម៉បម្នាក់យល់ដឹងពីការធ្វើកិច្ច ដំបូង ត្រូវសែនព្រេនជីដូនជីតា ជំនាងផ្ទះ ព្រះភូមិ ដើម្បីឱ្យដឹងឮ និងទទួលស្គាល់សមាជិកថ្មី។

គ្រឿងរណ្ដាប់តាមទម្លាប់បុរាណរួមមានស្លាធម៌ បាយស្រី ជម៤ មាន់លុង១ ផ្លែឈើ នំចំណី បង្អែមចម្អាប បាយសម្លសម្រាប់លៀងយាយម៉ប សែនព្រេនព្រះភូមិ ជំនាងផ្ទះ និងញាតិសន្ដានផង។ មុនរៀបកិច្ចពិធី ឪពុកម្តាយចាស់ទុំត្រូវរកអាចារ្យដេញវេលារើសរកថ្ងៃនក្ខត្តឫក្ស (ថ្ងៃអណ្តែត ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃលាភ) ហើយចាប់ផ្ដើមនៅវេលាព្រឹកពេញពន្លឺ ប្រមាណជាម៉ោង៩ ពុំធ្វើពេលរសៀលថ្ងៃជ្រេឡើយ ព្រោះគេជឿថា ថ្ងៃជ្រេនាំឱ្យអាប់រាសីក្មេង។ បន្ទាប់មក សែនកួចដៃសង្កត់ព្រលឹងម្តាយ និងកូន ព្រោះកាលឈឺពោះឆ្លងទន្លេ នាងភិតភ័យធ្វើឱ្យលស់ព្រលឹង ទើបហៅព្រលឹងឱ្យមកវិញ មកថែរូបកាយថែកូនថែចៅ។ ចំណែកកូនសូមឱ្យសុខសប្បាយ ឱ្យព្រលឹងចូលរូបចូលអង្គ មានអាយូសវែង បំពាក់ចិញ្ចៀនមាស (ខ្សែក ខ្សែដៃ គ្រឿងត្បូងរ័ត្ន) ឱ្យកូនមានមាស មានប្រាក់ មានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។ កិច្ចបន្ទាប់ គឺចំពោះឆ្មប ដោយយាយម៉បយកស្រូវ១ល្អី ដាក់សារ៉ុងថ្មីពីលើ ហើយឱ្យក្មេងអង្គុយ គឺតំណាងឱ្យចម្រើនធំធាត់មានស្រូវអង្ករហូបចុកហូរហៀរ និងគ្រឿងស្លៀកពាក់បរិបូណ៌។ ស្រូវនោះសោត គេយកធ្វើពូជសាបព្រោះធ្វើស្រែបានជាភោគផល តំណាងឱ្យមានកូនចៅតត្រកូល។ បន្ទាប់មកទៀត គេយកញញួរ និងដែកដាប់ មកធ្វើកិច្ចដាប់មាត់ឱ្យក្មេងពោលពាក្យសត្យពាក្យពិតពីរោះពិសា មិនកុហកភូតភរ មិនប៉ប៉ោចឥតការ និយាយផ្តេសផ្តាសនាំទុក្ខទោសដល់ខ្លួន មានប្រាជ្ញាវាងវៃ ដាប់ត្រចៀកកុំឱ្យត្រចៀកស ឆាប់ជឿគេ ដាប់ភ្នែកឱ្យចេះមើលថ្លឹងថ្លែងពិចារណា។

រីឯកិច្ច «កាត់សក់» គេកាត់សក់៧សសៃ ឬកោរ(សក់ព្រៃ) ដើម្បីកាត់ផ្ដាច់ពីម្ដាយដើម។ ពេលនេះហើយ បើគ្រួសារណាចង់ទុកកំប៉ោយក្មេង គឺទុកពីពេលនេះតទៅ ដល់វ័យចំទង់គេធ្វើកិច្ចពិធីមួយទៀត គេហៅថា ពិធីកោរជុក ឬកោរកំប៉ោយ។ យាយម៉បយកស្លឹកម្លូរ និងសូនពន្លៃបុកមួយដុំដាក់លើក្បាលកូន គេថា ប្រដូចស្លឹកម្លូរ គឺជាផែនពសុធាសម្រាប់ទ្រភ្នំ (ពន្លៃ១ដុំបិទពីលើស្លឹកម្លូរ) គឺឱ្យក្មេងនោះ នឹងធឹងមិនរង្គោះរង្គើរ ប្រដូចភ្នំដែលគ្មានអ្វីមករម្លំបានឡើយ។ ពាក្យទំនឹមទំនៀមខ្លះថា ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល គឺសំដៅលើក្មេងពុំទាន់ដឹងខ្យល់អ្វី ពុំគួរមានសេចក្តីប្រមាថទៅលើចាស់ទុំឡើយ។
លោកយាយ ប្លោក កូយ ជាយាយម៉បនិយាយថា កិច្ចពិធីកាត់សក់បង្កក់ឆ្មបនេះ គឺដើម្បីឱ្យស្ត្រីជាម្តាយអាចដើរទៅទីជិតឆ្ងាយបានហើយ បើពុំធ្វើកិច្ចនេះទេ ត្រណមថា មិនឱ្យដើរហើរទៅណាបានទេ ព្រោះព្រលឹងដែលលស់ទៅពុំទាន់ចូលរូបចូលអង្គ។ លោកយាយបន្ដថា ឯកូនក្នុងផ្ទៃក៏វាបានបន់ដែរថា បើខ្លួនបានកើតមកឃើញពន្លឺថ្ងៃខ្លួននឹងបន់កោរសក់ឱ្យ។ ដូច្នេះហើយទើបពេលកូនកើតមក គេធ្វើកិច្ចកាត់ ឬកោរសក់ព្រៃចេញដើម្បីលាបំណន់កូន។
អ្នកស្រី ហ៊ីងស្រីរ័ត្ន ជាម្តាយទារក ចំរើន ពុទ្ធិរាជ និយាយថា ដ្បិតនាងពុំបានសម្រាលកូនដោយឆ្មបបុរាណក្ដី តែក៏ពុំបានចោលទំនៀមបុរាណមួយនេះទេ ថែមទាំងជំរុញឱ្យបន្ដថែរក្សាកុំឱ្យកិច្ចពិធីនេះបាត់បង់ ហើយក្នុងចិត្តរបស់អ្នកស្រីក៏មានសេចក្តីសមចិត្តដែលបានទទួលនូវស្រីមង្គលតាមរយៈកិច្ចពិធីនេះ៕
ដោយ៖ ឃុត សៅ





