សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រឡាញ់ ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
AKP កណ្តាល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ – គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកស្រី ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរៈនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ម្តាយបង្កើតរបស់ឯកឧត្តម គួច ចំរើន និងលោកជំទាវ ពូ ធីតាពៅ គួច ចំរើន ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា មួយចំនួនផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកស្រី ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកលោកស្រីជាមន្ត្រីបុគ្គលិក និងក្មួយៗកុមារទាំងអស់ដោយក្ដីនឹករលឹក និងសូមគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ សូមសមប្រកបតែនឹងពុទ្ធពរ៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីអាក់ខានឡើយ ។ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចតែងបានណែនាំដល់ស្ថាប័នពាក់ព័ន្ធចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យមើលពីបញ្ហាជីវភាពការរស់នៅជាចម្បង ប្រសិនមានបងប្អូនប្រជាពលរដ្ឋជួបនូវវិបត្តិភ័យផ្សេងៗ ត្រូវជួយដោះស្រាយជាបន្ទាន់ ដោយពុំទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយការអត់អាហារបរិភោគនោះទេ ពិសេសគឺជួយដោយពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ជូនថា សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ មានមន្ត្រីបុគ្គលិកសរុប ១៩នាក់ និងកុមារសរុប ១៣៥នាក់។ មណ្ឌលភូមិកុមារអរុណរះ មានមន្ត្រីបុគ្គលិកសរុប ៤៧នាក់ កុមារសរុបចំនួន ៦៩នាក់។
អំណោយមនុស្សធម៌ដែលសាខាបានឧបត្ថម្ភជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ និងមណ្ឌលភូមិកុមារអរុណរះ អង្គភាពនីមួយៗបានទទួលរួមមាន អង្ករ ១ ០០០ គីឡូក្រាម មី ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអុីវ ១០យួរ ភេសជ្ជៈ ៥កេស ទឹកដោះគោក្មេង ៧កេស នំស្រួយ ២កេស ទឹកសុទ្ធ ២០កេស ថវិកាចំនួន ៤ ០០០ ០០០រៀល។ ជាមួយគ្នានេះប្រតិភូសាខាក៏បានឧបត្ថម្ភក្រមា និងថវិកាជូនដល់មន្ត្រីបុគ្គលិកនៃអង្គភាពទាំងពីរខាងលើចំនួន ៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ ថវិកា ៥ម៉ឺនរៀល និងកុមារសរុប ២០៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១ម៉ឺនរៀលផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





