ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ និងកំពុងបម្រើសេវាសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦-- ក្នុងឱកាសចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ និងកំពុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានណែនាំដល់មន្រ្តីសុខាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាក្នុងការបម្រើសេវាថែទាំ ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ មិនបានទទួលការបម្រើសេវានោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋ ដេីម្បីស្វែងយល់ពីសុខភាព និងការបម្រេីសេវារបស់មន្រ្តីសុខាភិបាលនៅក្នុងមូលដ្ឋានផ្ទាល់ ដែលទទួលបានមតិប្រឡប់ មានការទុកចិត្ត និងពេញចិត្តនូវគុណភាព ចំពោះការបម្រើសេវារបស់ក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ សូមមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីរួមគ្នាបន្តដំណើរឆ្នោះទៅរកគោលដៅរួមមួយ គឺសុខភាពប្រជាពលរដ្ឋ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





