សហភាពអឺរ៉ុប ស្ថានទូតចក្រភពអង់គ្លេស និងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី ឱ្យបានឆាប់ជាសះស្បើយពីព្រះរោគា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ --
សហភាពអឺរ៉ុប រួមជាមួយស្ថានទូតចក្រភពអង់គ្លេស និងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានទូលថ្វាយព្រះពរសព្វសាធុការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់ជាសះស្បើយពីព្រះរោគា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ សហភាពអឺរ៉ុប ស្ថានទូតចក្រភពអង់គ្លេស និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សហភាពអឺរ៉ុបប្រចាំកម្ពុជា ៖“យើងសូមចូលរួមជាមួយប្រជារាស្ត្រខ្មែរក្នុងប្រទេស ក្នុងការថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់បានសះស្បើយពីព្រះរោគាពាធ។ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទាននូវព្រះពលានុភាពខ្លាំងក្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សាដល់ព្រះអង្គ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ក្នុងសេចក្តីសុខក្សេមក្សាន្ត និងសុភមង្គលជានិច្ចនិរន្តរ៍”។
ស្ថានទូតអង់គ្លេស៖ “សូមថ្វាយព្រះពរជ័យដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ យើងខ្ញុំសូមជូនពរព្រះអង្គឲ្យឆាប់ជាសះស្បើយពីជំងឺ និងមានព្រះរាជសុខភាពល្អប្រសើរឡើងវិញ។ យើងខ្ញុំនៅជាមួយគ្រួសាររាជវង្ស និងប្រជាជនកម្ពុជានៅពេលនេះ”។
ស្ថានទូតអូស្ត្រាលី៖ “ទូលបង្គំសូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្វាយព្រះពរ និងប្រោសព្រះរាជទានថ្វាយព្រះពរព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ។ យើងខ្ញុំសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រជាជាតិជាទីគោរពស្រលាញ់របស់ព្រះអង្គ”។
យោងតាមព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានជូនជនរួមជាតិ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ជាបន្តទៀត។

ដោយ ផែន រតនៈ





