សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺដើម្បីធ្វើឱ្យខ្មែររឹងមាំ និងមានភាពម្ចាស់ការ
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលដៅធំនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោគឺគ្មានអ្វីក្រៅពីលើកស្ទួយកិត្តិយស លើកស្ទួយសមត្ថភាពរបស់ជាតិយើងដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនបានរីកចម្រើន។

ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការធ្វើឱ្យកម្ពុជាកាន់តែរឹងមាំនេះហើយ គឺជាគោលដៅនៃការកសាងព្រែកជីកហ្វូណនតេជោ នាពេលនេះ «ពិតណាស់ព្រែកជីកមានប្រវត្តិសាស្ត្រពីដើមនៅទីនេះអង្គរបុរី ក៏ជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មពីមុន អីចឹងការកសាងព្រែកជីកនេះ គឺដើរតាមលំនាំនៃជំនាន់មុនពាណិជ្ជកម្មរបស់យើងបានប្រទាក់ក្រឡាជាមួយពិភពលោកតាមរយៈផ្លូវទឹកផងដែរ ដូចនៅអូរកែវអតីតផែធំហើយឆ្លងកាត់មកអង្គបុរីថែមទៀត អីចឹងការកសាងនេះគឺជា ការពង្រីកបន្ថែមយកលំនាំដែលដូនតាយើងមើលឃើញសក្ដានុពលនៅទីនេះ ហើយយើងកូនចៅជំនាន់ក្រោយ បានកសាង និងបន្តកសាងតទៅទៀត »។

បើតាមការអះអាងបន្ថែមរបស់ សម្ដេចធិបតី «ការសាងសង់ព្រែកជីកហ្វូណនតេជោ មានទិសដៅយ៉ាងណាគឺធ្វើឱ្យខ្មែរយើង កាន់តែរឹងមាំ ភាពម្ចាស់ការក្នុងការធានានូវជីវភាពរស់នៅនិងសមត្ថភាពរបស់កម្ពុជានៅក្នុងការធានាម្ចាស់ការលើគ្រប់វិស័យ ការផ្ដល់នូវសារៈសំខាន់ខាងផ្លូវ មានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលជាគោលដៅមួយជាអាទិភាពមួយនៃគោលនយោបាយរាជរដ្ឋាភិបាលច្រើនអាណត្តិមកនេះ គឺមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបង្កើននូវសមត្ថភាព ឯករាជ្យភាពក៏ដូចជា ភាពម្ចាស់ការនៅក្នុងបង្កើនកម្លាំងសេដ្ឋកិច្ចរបស់យើង»៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





