ឯកឧត្ដម ស៊ុន ចាន់ថុល៖ យើងខ្ញុំទាំងអស់គ្នា អាចមានថ្ងៃនេះ ថ្ងៃបើកការដ្ឋានគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុង សម័យកាល តេជោធិបតី
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ -- ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា យើងខ្ញុំទាំងអស់គ្នា អាចមានថ្ងៃនេះ ថ្ងៃបើកការដ្ឋានគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុង សម័យកាល តេជោធិបតី គឺបានផ្តើមចេញពី៖

១- មូលដ្ឋាននៃសុខសន្តិភាព ដែលបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត គឺ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំយកសន្តិភាព និងការបង្រួបបង្រួមជាតិមាតុភូមិ ក្រោម «នយោបាយ ឈ្នះ-ឈ្នះ» ដើម្បីប្រែក្លាយប្រទេសជាតិពីសង្គ្រាមមកសុខសន្តិភាពពេញលេញ និងការឯកភាពជាតិ ហើយតម្លៃទាំងនេះ ត្រូវបានបន្តរក្សាការពារដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
២- គំនិតផ្តួចផ្តើម និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ និងតម្រង់ទិសសម្រាប់ការអនុវត្តគម្រោងនេះ ឱ្យលេចចេញជារូបរាងយ៉ាងពិតប្រាកដ ព្រមទាំងការគាំទ្រមិនអាចខ្វះបានពីឥស្សរជនសំខាន់ៗនៅក្នុងអាណត្តិទី៦ កន្លងទៅ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឥស្សរជនកំពូលដទៃទៀត ដែលបានពិនិត្យយ៉ាងយកចិត្តទុកដាក់និងជំរុញដំណើរការគម្រោងនេះ និងជាពិសេសគឺបងប្អូនប្រជាពលរដ្ឋរាប់លាននាក់ ទាំងក្នុងនិងក្រៅប្រទេស ដែលបានគាំទ្រនិងអបអរសាទរយ៉ាងក្លៀវក្លាចំពោះគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន តេជោ ដែលនេះ គឺជាតឹកតាងបង្ហាញឱ្យឃើញនូវមហាសាមគ្គីភាពស្មារតីស្នេហាជាតិ និងចលនាជាតិដ៏ខ្លាំងក្លាក្រោមម្លប់នៃសុខសន្តិភាពមហាគ្រួសារខ្មែរទាំងមូល។
ខណៈពេលដែលពិភពលោកកំពុងតែមានការប្រែប្រួលយ៉ាងលឿនគួរឱ្យកត់សម្គាល់ និងបន្តវិវត្តទៅរកភាពមិនប្រាកដប្រជា សេដ្ឋកិច្ចសកលបានបន្តថមថយចុះ និងធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ជាហេតុធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងការវិនិយោគ ដើរតួនាទីកាន់តែសំខាន់ឡើង ហើយសម្រាប់កម្ពុជាវិញ ការគិតគូរជាអាទិភាពលើការលើកកម្ពស់ការតភ្ជាប់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយរវាងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តំបន់ និងសកល តាមរយៈការកាត់បន្ថយចំណាយថ្លៃដឹកជញ្ជូន ការសន្សំសំចៃពេលវេលា ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតឱកាសសម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត។
ដោយមើលឃើញពីឧត្តមភាពនៃបណ្តាញដឹកជញ្ជូនដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗរហូតមកដល់បច្ចុប្បន្ន បានខិតខំប្រឹងប្រែងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា និងតភ្ជាប់ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ហើយលើសពីនេះ រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នេះ ក៏បានបន្តជំរុញការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេនិងផ្លូវសមុទ្រ ឱ្យមានដំណើរការ និងសម្រេចបានវឌ្ឍនភាពដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





