ឯកឧត្ដម ស៊ុន ចាន់ថុល៖ ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាសក្ខីភាពនៃការសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលកំពុងរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកនេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដោយបានបង្កប់នូវស្មារតីមហាសាមគ្គីជាតិខ្មែរ តាមរយៈការចូលរួមគាំទ្រនិងជំរុញដំណើរការសាងសង់គម្រោងនេះទាំងមូលឱ្យសម្រេចចេញជារូបរាងឡើងនាពេលខាងមុខ ដើម្បីបម្រើជាឧត្តមប្រយោជន៍រួមដល់សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ក្នុងឱកាសនៃពិធីសម្ពោធ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ បានថ្លែងអំណរគុណជូនចំពោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលបានចូលរួមបោះទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ដែលបានផ្តល់ការគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនប្រទេសចិនលើគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដ៏មានសារៈសំខាន់នេះ និងបានផ្តល់ជំនួយឥតសំណងដល់ការសាងសង់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយ គម្រោងនេះផងដែរ។

សូមជម្រាបជូនថា ជានិច្ចកាល ប្រទេសចិនតែងតែបានជួយដល់ការអភិវឌ្ឍនៅកម្ពុជា យ៉ាងច្រើនលើគ្រប់វិស័យ ហើយតាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ កម្ពុជា-ចិន បានបេ្តជ្ញាចិត្តរួមគ្នាលើការកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការពង្រឹងសន្តិសុខមនុស្សជាតិ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





