ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លើប្រវែងសរុប ១៧២.៦ គម បែងចែកជា ២កំណាត់ ដែលកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ និងកំណាត់ទី២ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ។តម្រាយផ្លូវទឹកនេះ គឺនឹងត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ
សូមរម្លឹកជូនថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបង្កើត និងដឹកនាំគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំនិងការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអនុគណៈកម្មាធិការចំនួន ៤ផ្សេងគ្នា ដើម្បីជំរុញការអនុវត្តការងារចាំបាច់នានា បានតាមផែនការសកម្មភាពដែលបានសម្រេច ក្នុងនោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ ”គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ)។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀង វិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសគាំទ្រអំពីជំនួយឥតសំណង និងប្រាក់កម្ចីមួយចំនួនសម្រាប់គម្រោងព្រែកជីកនេះផងដែរ។
លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក សម្រាប់កំណាត់ទី២៖ តាមការសិក្សា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២នេះ មានប្រវែងប្រមាណ ១៥១.៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៣៣គីឡូម៉ែត្រ ខេត្តតាកែវប្រវែង៥៣គីឡូម៉ែត្រ ខេត្តកំពតប្រវែង៤៨.៧គីឡូម៉ែត្រ ខេត្តកែបប្រវែង១៦.៩គីឡូម៉ែត្រ។
ផ្លូវទឹកនេះមានជម្រៅទឹកប្រមាណ ៤.៧ម៉ែត្រ ទទឹងផ្លូវទឹក៦០ម៉ែត្រ កាំកំណោងអប្បបរមា ៥៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព សមស្របសម្រាប់ប្រភេទនាវាស្តង់ដាប្រទេសចិនអាចធ្វើនាវាចរណ៍បានក្នុងចំណុះផ្ទុក ៣០០០DWT នៅរដូវប្រាំង និង៥០០០DWT នៅរដូវវស្សា។ ការធ្វើនាវាចរណ៍តាមគម្រោងនេះ គឺមិនចាំបាច់ចូលចត និងឆ្លងកាត់ដោយស្វ័យប្រវត្តិ ព្រមទាំងមានបំពាក់នូវប្រព័ន្ធស្វយ័តប្រវត្តិកម្មសម្រាប់ការទូទាត់ប្រាក់ភ្លាមៗ។
ទុនវិនិយោគដែលចាំបាច់សម្រាប់ការកសាងផ្លូវទឹកនេះ មានចំនួនប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ការសាងសង់ផ្លូវទឹកនេះនឹងមានរយៈពេលប្រមាណ ៣៦ខែ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨៕
ដោយ៖ គង់ សិរីរ័ត្ន





