ភ្ញៀវទេសចរបរទេសជិត ៩០០នាក់ចូលមកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Viking Venus នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៩០០នាក់ ចូលសំចតធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០២៦។
យោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Viking Venus មានសញ្ជាតិន័រវេសនេះ មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រៅទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៨៦១នាក់ (ស្រី ៤៥២នាក់) ស្មើនឹង ១៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៧០នាក់ (ស្រី ៩៩នាក់) ស្មើនឹង ៤២សញ្ជាតិ។

នាវាទេសចរណ៍ Viking Venus បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមេសា ដែលនាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ភ្ញៀវទេសចរ បរទេសដែលធ្វើដំណើរតាមនាវា Viking Venus ដែលមានសញ្ជាតិច្រើនជាងគេ គឺសញ្ជាតិអាម៉េរិកមានចំនួន ៧១២នាក់ (ស្រី ៣៧៥នាក់)។


ភ្ញៀវធ្វើដំណើរតាមនាវា Viking Venus ចូលក្នុង ប្រទេសកម្ពុជា និងបន្តចេញទៅទស្សនកិច្ចអង្គរវត្ត ខេត្តសៀមរាប មានចំនួន ១៨នាក់ (ស្រី ១០នាក់) ស្មើនឹង ២សញ្ជាតិ។ ទន្ទឹមនឹងការចូលចតរបស់នាវាទេសចរណ៍បរទេសនេះ មន្ត្រីអន្តោប្រវេសន្ត៍បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលបែបបទជូនភ្ញៀវបានឆាប់រហ័ស ដើម្បីឱ្យភ្ញៀវទេសចរមានទំនុកចិត្តមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។
នេះជាការចូលចតរបស់នាវាទេសចរណ៍បរទេសជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាសញ្ញាបង្ហាញពីកំណើនភ្ញៀវទេសចរអឺរ៉ុបធ្វើដំណើរតាមផ្លូវសមុទ្រមកកាន់តំបន់អាស៊ី ជាពិសេសមកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោ បាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែល បានចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងមួយនេះ ជា មាសបៃតងក្នុងការចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារផងដែរ។


ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រូបសំណាកក្នុងខេត្ត តំបន់វប្បធម៌ដូចជាវត្តអារាមនានាក្នុងក្រុងខេត្តព្រះសីហនុ ជាដើម៕
ដោយ៖ ងូ សុមុនី





