ឯកឧត្តម គួច ចំរើន កោតសរសើរដល់ប្រជាពលរដ្ឋ ស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង ស្រុកទាំង១៣
AKP កណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ នៅទូទាំងខេត្តកណ្ដាល។ ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៦ភូមិ សរុបចំនួន ៦.៣២១បណ្ណ គឺភូមិជ្រោយជ្រែ ភូមិសំបួរ ភូមិព្រែកប្រា ភូមិព្រែជ្រៃ ភូមិព្រែកឫស្សី ភូមិអន្លង់ទ្រា និងភូមិពាមស្តី ឃុំព្រែឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាស្រុកល្វាឯម ស្ថិតនៅឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបន្តថា បញ្ហាទំនាស់ដីធ្លីមាននៅគ្រប់ក្រុង ស្រុកក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់ស្រុកល្វាឯម គឺជាស្រុកមួយគំរូដែលមានទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបនឹងក្រុង-ស្រុកដទៃទៀតនៅទូទាំងខេត្តកណ្ដាល។ ការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លីជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។


ថ្ងៃនេះ ស្រុកល្វាឯម គឺបានបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ស្រុកល្វាឯម នៅសល់នីតិវិធីក្នុងការផ្ដល់បណ្ណជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ដូច្នេះមានន័យថា រាល់ឯកសារទាំងអស់ដែលមិនមែនជាបណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ផ្ទេរកម្មសិទ្ធិ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ បញ្ចាំ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។ បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ គឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាដូវក្ដៅនេះ អាកាសធាតុក្ដៅខ្លាំង បង្កឱ្យប៉ះពាល់មនុស្ស សត្វ និងធម្មជាតិងាយរកនូវជំងឺដង្កាត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដើម្បីទប់ស្កាត់រឿងនេះ សំណូមពរដល់ប្រជាពលរដ្ឋត្រូវពិសាទឹកឱ្យបានច្រើន ករណីដែលមិនចាំបាច់សូមកុំនៅក្រោមកម្ដៅថ្ងៃ ក្មេង និងមនុស្សចាស់ងាយរងហានិភ័យជាងគេ ដូច្នេះសូមចូលរួមថែទាំសុខភាពរបស់បងប្អូនទាំងអស់គ្នា។ ទន្ទឹមនឹងនោះ បញ្ហាអគ្គីភ័យនៅពេលក្ដៅហួតហ្អែងខ្លាំងងាយឆាបឆេះ ដែលអាចបង្កវិនាសកម្មដល់បងប្អូនគ្រប់ៗគ្នា ដូចនេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ពិសេសសូមកុំដុតសម្រាម ដុតស្មៅ ដុតព្រៃ ដែលធ្វើឱ្យបន្ថែមកម្ដៅ ព្រមទាំងងាយរាលដាលដល់ផ្ទះសំបែង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





