ឯកឧត្ដម ជា សុមេធី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមជា សុ មេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាធិបតីនៃពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការ ការីតាសកម្ពុជា (Caritas Cambodia ) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង ស.អ.យ. ថ្នាក់ដឹកនាំ មន្ត្រីរាជការតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំ សរុប ២៧០នាក់។
គោលបំណងនៃការរៀបចំសៀវភៅ ស សង្គមកិច្ច គឺដើម្បីធ្វើជាមគ្គុទ្ទេសក៍ផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ក្នុងការរៀបចំគោលនយោបាយជាតិ ស្តីពីសង្គមកិច្ចឱ្យមានប្រសិទ្ធភាព និងអនុវត្តបានជោគជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


«សៀវភៅ ស សង្គមកិច្ច» មានន័យថា សៀវភៅបង្ហាញពីការពិតនៃតម្រូវការ និងការផ្គត់ផ្គង់សេវានៅក្នុងវិស័យសង្គមកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការពិតនោះ គឺផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ ដែលក្រុមការងារបានធ្វើការសិក្សាស្រាវជ្រាវទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាមួយនឹងការចូលរួមផ្តល់ធាតុចូល និងគាំទ្រពីក្រសួង ស្ថាប័ន និងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ អ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍នៃសៀវភៅនេះ គឺការបង្ហាញពីប្រវត្តិសាស្ត្រនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់តាំងពីការបញ្ចប់នៃសម័យអាណានិគមនិយមបារាំង ឆ្នាំ១៨៦៣ មកដល់បច្ចុប្បន្ន ដែលអាចចាត់ទុកបានថាជាឯកសារប្រវត្តិសាស្តមួយសម្រាប់វិស័យសង្គមកិច្ច និងសម្រាប់ការបណ្តុះបណ្តាល ព្រមទាំងការសិក្សាស្រាវជ្រាវនានារបស់សិស្សានុសិស្សនៅកម្រិតឧត្តមសិក្សាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អានុសាសន៍ចំនួន ៥ចំណុចលើការដាក់ឱ្យប្រើប្រាស់សៀវភៅ ស សង្គមកិច្ចនេះ ទី១ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចត្រូវបោះពុម្ពសៀវភៅ ស សង្គមកិច្ច បន្ថែមទៀត ដើម្បីចែកជូនគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ ឯកជន និងអង្គការដៃគូឱ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២ ក្រុមការងាររៀបចំគោលនយោបាយត្រូវដាក់បញ្ចូលយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ និងពង្រីកទីផ្សារការងារនៃសេវាឯកទេសសង្គមកិច្ចទាំងក្នុងវិស័យរដ្ឋ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៅក្នុងគោលនយោបាយជាតិ ស្តីពីសង្គមកិច្ច ដែលកំពុងរៀបចំ។ ទី៣ វិទ្យាស្ថានជាតិសង្គមកិច្ចត្រូវពង្រឹងការបណ្តុះបណ្តាលជំនាញនានាសម្រាប់ការផ្តល់សេវាឯកទេស ដោយផ្តោតលើការអនុវត្តបែបគ្លីនិកជាមួយអតិថិជនជាចម្បង ដូចជាការគ្រប់គ្រងករណី ការស្តារមុខងារបុគ្គល ការស្តារចិត្តសង្គម និងការថែទាំសង្គមសម្រាប់មនុស្សវ័យចាស់ ជនមានពិការភាព ជនវិបល្លាសស្មារតីជាដើម។ ទី៤ គ្រប់អគ្គនាយដ្ឋានចំណុះឱ្យក្រសួង ស.អ.យ. ត្រូវរៀបចំគម្រោងនានាដើម្បីកៀរគរធនធានថវិកាពង្រឹងសេវា ឯកទេស និងបង្កើនចំនួន និងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម ជាពិសេសអ្នកអាជីពសង្គមកិច្ច និងអ្នកសង្គមកិច្ចសម្ព័ន្ធ តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដែលជាសម្ព័ន្ធនឹងវិស័យសង្គមកិច្ច ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជនឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន និងទី៥ ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការដៃគូចូលរួមគាំទ្រលើការរៀបចំគោលនយោបាយជាតិ ស្តីពីសង្គមកិច្ច ឱ្យបានផុលផុស ព្រមទាំងជួយជំរុញឱ្យមានការជ្រើសអ្នកអាជីពសង្គមកិច្ច ជាពិសេសអ្នកឯកទេសគ្រប់គ្រងករណី និងឯកទេសចិត្តសង្គម បានចូលបម្រើការងារនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាកលវិទ្យាល័យ សាលារៀន រោងចក្រ សហគ្រាសធំៗ និងនៅតាមពន្ធនាគារជាដើម ដើម្បីអាចជួយដល់កុមារនិងជនដែលរងគ្រោះដោយសារបញ្ហាសង្គមបានទាន់ពេលវេលា៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)





