រដ្ឋបាលខេត្តកណ្ដាលបើកកិច្ចប្រជុំបូកសរុបតម្រូវការអាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩
AKP កណ្ដាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅតាមរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។

ថ្លែងបើកកិច្ចប្រជុំ លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលទ្ធផលការងារដែលបានកំណត់ក្នុងកិច្ចប្រជុំកន្លងមក ឬវឌ្ឍនភាពរបស់មន្ទីរ អង្គភាព ឃុំ សង្កាត់ ក្រុង ស្រុក និងរដ្ឋបាលខេត្តក្នុងការរៀបចំតម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ខ្លួន ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងជាធាតុចូលសម្រាប់មន្ទីរអង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួនដើម្បីជួយគាំទ្រ ក្រុង ស្រុក ឃុំ សង្កាត់ នូវគម្រោងដែលសល់ពីការការប្រើប្រាស់មូលនិធិក្រុង ស្រុក ឃុំ សង្កាត់។ អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើសំណើគម្រោងទាំងឡាយដែលស្នើឡើង ធ្វើយ៉ាងណាឱ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំ។

ជាពិសេសបច្ចេកទេស សំណើគម្រោងវិនិយោគត្រូវរៀបចំ និងស្នើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ទី១. ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍របស់ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី២. ស្ថិតក្នុងដែនសមត្ថកិច្ចគឺជាគម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី៣. ស្ថិតក្នុងអន្តររដ្ឋបាលដែនដី ពោលគឺជាគម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង ស្រុក សម្រាប់ គម្រោងថ្នាក់ខេត្ត និងមានលក្ខណៈអន្ដរឃុំ សង្កាត់ សម្រាប់ គម្រោងថ្នាក់ក្រុង ស្រុក និងទី៤. កំណត់អតិបរមាលើចំនួនគម្រោង មានន័យថា ត្រូវកំណត់យកគម្រោងតាមចំនួនដែលអាទិភាព ករណីមានការស្នើឡើងច្រើន។

នាឱកាសនោះ លោកអភិបាលរងខេត្តក៏បានធ្វើការផ្ដាំផ្ញើទៅដល់អាជ្ញាធរក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីឱ្យទទួលជោគជ័យក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវកំណត់បញ្ហាស្នូលមូលហេតុនិងដំណោះស្រាយឱ្យបានច្បាស់លាស់។ ត្រូវកំណត់គោលនយោបាយនិងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន (ធាតុចូល)បានទាន់ពេលវេលាដែលក្រុមការងារកំណត់ដើម្បីឱ្យដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល បើមានបញ្ហាត្រូវរាយការណ៍ និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិណែនាំដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





