រដ្ឋបាលស្រុកស្ទោងរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសមាជិកសមាជិកា និងសហការីមន្ត្រីក្រោមឱវាទ កងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំពរជ័យសិរីសួស្តី ជ័យមង្គល ជូនដល់ក្រុមគ្រួសាររដ្ឋបាលស្រុកស្ទោង ព្រះមន្ត្រីសង្ឃគ្រប់អង្គ មន្ត្រីរាជការគ្រប់ស្ថាប័ននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងអគារ(ក) នៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្ទោង និងមន្ត្រីរាជការទាំងអស់ ប្រកបដោយសទ្ធាជ្រះថ្លា វេរប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យចំពោះព្រះសង្ឃចំនួន៥អង្គដើម្បីជាកិច្ចបំពេញកុសលនិងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់គេហដ្ឋានជានិច្ចនិរន្តតរៀងទៅ។

គួររំលឹកផងដែរថា ពិធីនេះត្រូវបានរៀបចំឡើងទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ដើម្បីជាការថ្លែងអំណរគុណឆ្នាំចាស់ ឆ្នាំម្សាញ់ និងត្រៀមទទួលមហាអំណរឆ្នាំថ្មី ឆ្នាំមមី ហើយជាពិសេសគឺជាកិច្ចគារវៈការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ដែលជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកគ្រងជម្ពូរទ្វីប នៅវេលាម៉ោង១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា ពិធីនេះដែរទទួលបានការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះគ្រូបរិត្តកុសល ណិប អៀន ព្រះអនុគណស្រុកស្ទោង និងព្រះមន្ត្រីសង្ឃ ហើយក៏មានការចងដៃនិងស្រោចទឹកបង្កក់សិរីដល់លោកប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុកនិងមន្ត្រីរាជការក្រោមឱវាទថែមទៀតផងដែរ៕
ដោយ ស៊ុម វណ្ណា





