តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- ជនសង្ស័យដែលលួចកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានតុលាការនៃខេត្តព្រះវិហារ សម្រេចឃុំខ្លួនចំនួន៣នាក់ក្រោមបទចោទប្រកាន់បទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦នេះថា ក្រោយការចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្រ្កាបបទល្មើស ធនធានធម្មជាតិនៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦គេបានរកឃើញបទល្មើសធនធានធម្មជាតិនៅទីតាំងកន្លែងនេះជាច្រើន។

ក្រសួងបានបន្តឱ្យដឹងថា ក្រោយការចុះស្រាវជ្រាវមក ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើ ចំនួន៣នាក់ រួមមានឈ្មោះ ទី១. ឈ្មោះ នុត ជា ទី២. ឈ្មោះ ខុន សាស និងទី៣. ឈ្មោះ សាន វី និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា ក្រោយការស៊ើបអង្កេត សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ខាងលើ ដាក់ពន្ធនាគារខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ក្រុមការងារបាន និងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត៕
ដោយ៖ មករា





