អាស៊ាន+៣ ពិភាក្សាអំពីវិធានការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជម្លោះនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋជាសមាជិកអាស៊ាន រួមជាមួយប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង (អាស៊ាន+៣) កាលពីពេលថ្មីៗនេះ បានផ្លាស់ប្តូរការវាយតម្លៃ និងពិភាក្សាអំពីវិធានការឆ្លើយតបចំពោះវិស័យសេដ្ឋកិច្ច ចំពេលដែលមានភាពមិនប្រាកដប្រជាកើនឡើង ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលអង្គការអន្តរជាតិជាច្រើនបានព្រមានអំពីហានិភ័យនៃការធ្លាក់ចុះកាន់តែខ្លាំងឡើងចំពោះសេដ្ឋកិច្ចពិភពលោក។
កិច្ចពិភាក្សារបស់ពួកគេបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំតំណាងធនាគារកណ្តាល និងហិរញ្ញវត្ថុអាស៊ាន+៣ ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីពេលថ្មីៗនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ អង្គការសេដ្ឋកិច្ចធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមានការកើនឡើងនៅមជ្ឈិមបូព៌ា។
ពួកគេក៏បានអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស និងចំគោលដៅ ដើម្បីដោះស្រាយភាពមិនប្រាកដប្រជាដែលកំពុងកើនឡើង និងជួយដល់ក្រុមងាយរងគ្រោះ រួមជាមួយនឹងការឆ្លើយតបចំពោះគោលនយោបាយរូបិយវត្ថុ និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ប្រទេសដែលចូលរួមបានចែករំលែកការវាយតម្លៃបែបនេះ និងបានផ្លាស់ប្តូរទស្សនៈ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ច និងការឆ្លើយតបចំពោះគោលនយោបាយរៀងៗខ្លួន។
អ្នកចូលរួមក៏បានពិភាក្សាគ្នាផងដែរអំពីវិធីដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវគំនិតផ្តួចផ្តើមពហុភាគីភាវូបនីយកម្មឈៀងម៉ៃ (CMIM) ដែលជាកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណដែលមានតម្លៃ ២៤០ប៊ីលានដុល្លារអាម៉េរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដែលជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់។
លទ្ធផលនៃកិច្ចប្រជុំនោះត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលអាស៊ាន+៣ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





