រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបួងសួងចម្រើនសិរីសួស្តីសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្តនិងមន្ត្រីរាជការអញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសិរីសួស្តីសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឧទ្ទិសបួងសួងសូមឱ្យទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសូមឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និងឈ្នះអស់មារសត្រូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះមានសេចក្តីសុខសប្បាយគ្រប់ៗគ្នា។

ឯកឧត្តម នួន ផារ័ត្ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចនៅក្រៅខេត្តសូមអញ្ជើញចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះព្រោះនៅខេត្តកំពង់ធំបានរៀបចំស្តង់ដាក់តាំងលក់ផលិតផលខ្មែរ២៥ រាជធានី/ខេត្តមកដាក់លក់បង្ហាញផងដែរ។ ជាពិសេសសូមឱ្យទេវតាចូលឆ្នាំថ្មី (ឆ្នាំមមី អដ្ឋស័ក) ព.ស ២៥៧០ ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣នៃកបិលមហាព្រហ្ម ដែលយាងចុះមក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក ដើម្បីប្រសិទ្ធពរជ័យដល់ប្រជានុរាស្ត្រក្នុងខេត្តកំពង់ធំ មានសុខភាពល្អនិងសម្រេចកិច្ចការងារទទួលបានជោគជ័យគ្រប់ភារកិច្ច៕


ដោយ ស៊ុម វណ្ណា





