ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ក្នុងស្មារតីជួយជ្រោមជ្រែង និងចែករំលែកមនោសញ្ចេតនាផ្អែមល្ហែមទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាសុខភាព ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ។ អមដំណើរក្នុងសកម្មភាពមនុស្សធម៌នេះ រួមមានវត្តមាន លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឱ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម កែ គឹមយ៉ាន បានដើរសួរសុខទុក្ខដោយផ្ទាល់តាមគ្រែអ្នកជំងឺម្នាក់ៗ ក្នុងទឹកមុខញញឹមស្រស់បស់ និងពាក្យពេចន៍លើកទឹកចិត្តយ៉ាងកក់ក្តៅ។ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយចំពោះបញ្ហាសុខភាពដែលបងប្អូនកំពុងប្រឈម និងបានផ្ដាំផ្ញើឱ្យអ្នកជំងឺទាំងអស់ ខិតខំថែរក្សាសុខភាព ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

មានប្រសាសន៍សំណេះសំណាលទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី គឺជាបង្អែកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តក្បែរខាង ក្នុងការទទួលបានការព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាព។

ដើម្បីសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាកព្យាបាល ឯកឧត្តម កែ គឹមយ៉ាន បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់អ្នកជំងឺគ្រប់ៗគ្នា។ សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខរបស់រាស្ត្រគ្រប់កាលៈទេសៈ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានមុខថ្នាក់ដឹកនាំ»។
ពិធីចុះសួរសុខទុក្ខនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាលបំផុត ដោយបានបន្សល់ទុកនូវស្នាមញញឹម និងក្ដីសង្ឃឹមសម្រាប់បងប្អូនអ្នកជំងឺ ក៏ដូចជាការផ្ដល់កម្លាំងចិត្តបន្ថែមដល់មន្ត្រីសុខាភិបាលក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ឈុន សារ៉ាត





