លោកជំទាវបណ្ឌិត ម៉ៅ ម៉ាល័យ ដឹកនាំពិធីរាប់បាត្រព្រះសង្ឃ ១០៨ អង្គ ដើម្បីបួងសួងសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ក្នុងបរិយាកាសដ៏សែននក្ខត្តឫក្សនៃត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពស្រស់បំព្រងតាមរយៈពិធីសាសនាដ៏ធំធេងមួយ។ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ លោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តលើករាសី និងរាប់បាត្រព្រះសង្ឃចំនួន១០៨ អង្គ នៅបរិវេណសួនតេជោឈ្នះ-ឈ្នះ (វេទិកាខេត្ត)។

ពិធីដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការទទួលទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវសទ្ធាដ៏ជ្រះថ្លាក្នុងការឧទ្ទិសកុសល ជូនដល់បុព្វបុរស និងបុព្វការីជនដែលបានចែកឋានទៅ។រំលឹកគុណូបការៈជូនចំពោះវីរកងទ័ព និងកងកម្លាំងនគរបាលជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពនៃមាតុភូមិកម្ពុជា។ ក្នុងពិធីសាសនាដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនសំខាន់ៗ រួមមានលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ការជួបជុំគ្នាក្នុងពិធីសាសនា និងការរាប់បាត្រព្រះសង្ឃដល់ទៅ ១០៨ អង្គនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការថែរក្សាទំនៀមទម្លាប់ដ៏ល្អប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

តាមរយៈពិធីសូត្រមន្តលើករាសីនេះ លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សុភមង្គល និងរីកចម្រើនលើគ្រប់វិស័យ នៅក្រោមម្លប់នៃសន្តិភាព៕

ដោយ ឈុន សារ៉ាត





