អង្គការ MCC រៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ផ្តោតសំខាន់លើប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងទឹកសាប នៅCJCC
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- អស់រយ:ពេលពេញមួយថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC អង្គការ MCC បានផ្តោតសំខាន់លើប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងទឹកសាប ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ នេះតាមប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

តាមរយ:ការទស្សនាភាពយន្តឯកសារ និងការពិភាក្សាដេញដោល អ្នកចូលរួមទាំងអស់មានឱកាសសិក្សាឈ្វេងយល់ពីប្រធានបទសំខាន់ៗដូចជា ការអភិរក្សសមុទ្រ សត្វជ្រូកទឹក (Dugongs) ព្រៃកោងកាង និងការបន្តពូជរបស់ផ្កាថ្ម (coral spawning)។ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) គឺ លោក Tanguy និងអ្នកស្រី សុភា បានចូលរួមក្នុងកិច្ចពិភាក្សាលើបញ្ហាពីរផ្សេងគ្នា គឺគោលនយោបាយអភិរក្សសមុទ្រ និងតួនាទីរបស់សហគមន៍ និងយុវជន។ ខណៈពេលដ៏មានមោទនភាពបំផុតសម្រាប់យើង គឺការចាក់បញ្ចាំងភាពយន្តឯកសាររឿង "កូនកោងកាង" (Little Mangroves) ដែលផលិតដោយមជ្ឈមណ្ឌលបុប្ផាណា (Bophana center) ក្រោមកិច្ចសហការជាមួយអង្គការ MCC និងមូលនិធិហេនរេចបូល (Heinrich-Böll-Stiftung)។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំជ្រោមជ្រែងរបស់អគ្គនាយកដ្ឋានជលផល ដែលជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនវិស័យ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកធ្វើការក្នុងវិស័យអភិរក្សសមុទ្រផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ MCC)





