គណៈប្រតិភូខេត្តវិញឡុងប្រទសវៀតណាមជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP បាត់ដំបង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីជូនជ្រំពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។

ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីគណៈប្រតិភូ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

មានប្រសាសន៍ស្វាគមន៍ក្នុងជំនួបនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមកក្នុងស្មាតីមិត្តភាព សាមគ្គីភាពទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។

ឯកឧត្តមបានស្នើគណៈប្រតិភូវៀតណាមជួយពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាឡើងវិញរវាងខេត្តបាត់ដំបង និង ខេត្តវិញឡុង បន្ទាប់ពីប្រទេសវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ខណៈរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំឯកសាររួចរាល់។ ឯកឧត្តម បានបង្ហាញពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថា ការវិនិយោគលើការកៃច្នៃកសិផលក្នុងខេត្តបាត់ដំបង នៅមានកម្រិត ក្នុងន័យនេះ ឯកឧត្តមបានស្នើដល់ភាគីវៀតណាមជួយជំរុញ និងបង្កលក្ខណៈឱ្យមានវិនិយោគិន ព្រមទាំងទេសចរ មកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អរវាងខេត្តនិងខេត្ត និងសម្រាប់ប្រទេសទាំងពីរផងដែរ។សម្រាប់ ខេត្តបាត់ដំបង រង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរមកទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈជូនគ្រប់បែបយ៉ាង។
ឯកឧត្តម ង្វៀន គ្វិញថៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបងដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចសង្គម។ ឯកឧត្តម មើលឃើញថា ខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ហើយខេត្តបាត់ដំបង មានប្រវត្តិនៃការរីកចម្រើនជាយូរលង់ណាស់មកហើយដែលអាចដឹងបានតាមរយៈការបន្សល់ទុកនូវសំណង់បុរាណជាច្រើន។ ជាក់ស្ដែងតំបន់អភិរក្សនៅក្នុងក្រុងបាត់ដំបងដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសអ្នកទេសចរវៀតណាមក៏បានមកទស្សនាកម្សាន្តផងដែរ។
ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងពីការពង្រឹងកិច្ចសហការប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តវិញឡុង និងខេត្តបាត់ដំបង និងជំរុញការចុះអនុស្សរណៈយោគយល់គ្នារវាងខេត្តទាំងពីរឱ្យបានឆាប់រហ័សឡើងវិញ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





