ឯកឧត្តម សុខ សប្បាយណា នាំយកអំណោយ និងចុះសាកសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនដល់កងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ជាមួយគ្នានេះ លើសពីការប្រគល់អំណោយ អ្វីដែលជាចំណុចពិសេស និងរំភើបបំផុត គឺឯកឧត្តម និងប្រតិភូក៏បានពាំនាំនូវ «សារលិខិតសាកសួរសុខទុក្ខ» ដែលជាសំណេរផ្ទាល់ដៃប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសំណេររបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងសារលិខិតពីបងប្អូនប្រជាពលរដ្ឋ និងបងប្អូនមានពិការភាព ផ្ញើជូនដល់វីរកងទ័ព ដើម្បីជាការលើកទឹកចិត្ត និងស្តែងឱ្យឃើញពីការដឹងគុណចំពោះពលីកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុការពារជាតិមាតុភូមិ។


ក្នុងឱកាសនោះ ឯកឧត្តម សុខ សប្បាយណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ក្ដីស្រឡាញ់ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់គ្រួសារ ស.ស.យ.ក និងឯកឧត្តមប្រធាន ហ៊ុន ម៉ានី ជូនដល់បងប្អូនកងទ័ពគ្រប់ៗរូប។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយ ដែលមានឱកាសបានឈរចំពោះមុខ និងថ្លែងអំណរគុណដោយផ្ទាល់ ដើម្បីបានបង្ហាញពីការផ្ដាំផ្ញើ ក្ដីស្រលាញ់ និងការនឹករលឹកចំពោះវីរកងទ័ព។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាយុវជនជួរក្រោយ គឺចងចាំអស់មួយជីវិតនូវគុណបំណាច់ និងវីរភាពរបស់បងប្អូនកងទ័ព ដែលបានឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្មានបុព្វហេតុ ឬបេសកកម្មណាដែលថ្លៃថ្លាជាងការការពារជាតិមាតុភូមិឡើយ ដូចនេះសូមបងៗវីរកងទ័ពទាំងអស់ជឿជាក់ថា អ្នកនៅជួរក្រោយមិនដែលភ្លេចបងប្អូនឡើយ ហើយនឹងនៅតែបន្តគាំទ្រវីរកងទ័ពជានិច្ចនិរន្តរ៍។


ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ឱ្យដឹងដែរថា ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅសមរភូមិក្រោយ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងនៅជាប់ជាមួយបងប្អូនកងទ័ពជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមអភិបាលខេត្តក៏បានសម្តែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ និងការរក្សាបាននូវវិន័យយ៉ាងខ្ជាប់ខ្ជួនរបស់បងប្អូនវីរកងទ័ព ទាំងរបៀបរបបនៃការរស់នៅ បែបផែននៃការស្លៀកពាក់ ក៏ដូចជាសេចក្តីថ្លៃថ្នូរក្នុងនាមជាអ្នកការពារជាតិមាតុភូមិ ដែលស័ក្តិសមជាសសរទ្រូងដ៏រឹងមាំនៃខឿនការពារជាតិ។


សូមជម្រាបជូនថា អំណោយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ សម្ភារសំណង់ និងថវិកាមួយចំនួនធំ រួមទាំងវត្ថុអនុស្សាវរីយ៍តំណាងអត្តសញ្ញាណខ្មែរ មានដូចជា ក្រម៉ា នំអំបុក និងនំខ្ញី ជាច្រើនកំប៉ុង ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់វីរកងទ័ព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





