ក្រសួងកសិកម្មចុះពិនិត្យស្ថានភាពព្រៃកោងកាង និង បញ្ហាប្រឈមនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៦–ក្នុងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ មន្រ្តីក្រសួងជាន់ខ្ពស់ក្រសួងកសិកម្មបាន ចុះពិនិត្យស្ថានភាពជាក់ស្តែង នៃ ព្រៃ កោងកាង និង បញ្ហាប្រឈមនៅក្នុងខេត្តព្រះសីហនុ និង ខេត្ត កោះកុង។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្រុមការងារបានចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាង និងបញ្ហាប្រឈមស្ថិតក្នុងកន្លែងសហគមន៍នេសាទបឹងជុំ និងកន្លែងសហគមន៍នេសាទបឹងរាំង ខេត្តព្រះសីហនុ និងសហគមន៍នេសាទជ្រោយស្វាយ ខេត្តកោះកុង។

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាចំពោះការ ចុះពិនិត្យជាក់ស្តែងទីតាំងកាន់កាប់អាស្រ័យផលមួយកន្លែង ស្ថិតនៅក្នុងកន្លែងសហគមន៍នេសាទបឹងជុំឃើញថា មានការដាំបង្គោលរបងបេតុង និងមានការបិទទប់ដៃព្រែក ដើម្បីចិញ្ចឹមក្តាមថ្ម ហើយទីតាំងនេះក៏មានសំណង់ផ្ទះស្នាក់នៅមួយខ្នងផងដែរ តាមការបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ ខណ្ឌរដ្ឋបាលជលផលថា ទីតាំងនេះមានការអាស្រ័យផលតាំងពីឆ្នាំ១៩៨០ជាងមកម្ល៉េះ ដែលពេលនោះមិនទាន់មានការគ្រប់គ្រងធនធានជលផលនៅឡើយ រហូតដល់ឆ្នាំ២០០០ជាង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រុមការងារជំនាញជលផលបានធ្វើការផ្សព្វផ្សាយក្នុងការគ្រប់គ្រងព្រៃកោងកាង ព្រមទាំងណែនាំមិនឱ្យមានការកាប់ព្រៃកោងកាងបន្ថែម ហើយសហគមន៍នេសាទស្នើសុំឱ្យដកបង្គោលរបងបេតុងចេញ និងបើកដៃព្រែកឡើងវិញឱ្យដូចស្ថានភាពដើម ចំពោះសំណង់ ផ្ទះស្នាក់នៅស្នើសុំកុំឱ្យពង្រីកឬសង់បន្ថែមសូមឱ្យរក្សាសំណង់ស្ថានភាពដើម។
ឯកឧត្តម ទឹម បូរក្ស បានដឹកនាំក្រុមការងារចុះពិនិត្យនិងប្រជុំពិភាក្សាករណីស្ថានភាពនាទីព្រៃកោងកាងទំហំ ៦៣ ហិកតា ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមការងារក្រសួងកសិកម្មក៏បានចុះពិនិត្យឃុំជ្រោយស្វាយ មានសហគមន៍២ប្រភេទ គឺ សហគមន៍នេសាទជ្រោយស្វាយ ទំហំ ១៣៤៤៣ ហិកតា គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ទំហំ ៥២២ ហិកតា គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយសហគមន៍ជ្រោយស្វាយនេះមិនមានបញ្ហាប្រឈមអ្វីកើតឡើនោះទេ។

ចំណែក សហគមន៍នេសាទបឹងជុំ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងកន្លែងកាន់កាប់អាស្រ័យផលជាឯកជនរួមមានការដាំបង្គោលរបងបេតុងជាឯកជនបំណងចិញ្ចឹមក្តាមថ្ម ការបិទទប់ដៃព្រែក និងមានសំណង់ផ្ទះស្នាក់នៅតាំងពីយូរមកហើយ។ យោងតាមមតិអង្គប្រជុំមូលស្នើឱ្យត្រូវរុះរើរបងបេតុងចេញ និងរុះរើទីតាំងទប់ដៃព្រែកចេញក្នុងរយៈពេល១សប្តាហ៍ចំពោះសំណង់ផ្ទះស្នាក់នៅត្រូវរក្សាស្ថានភាពនៅដដែលកុំពង្រីកឬសាងសង់បន្ថែម។

រីឯ សហគមន៍នេសាទបឹងរាំង ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងទន្ទ្រានកាប់ព្រៃកោងកាងរួមមានការជីកប្រឡាយលើកទំនប់សាងសង់រោង និងសាងសង់បែរគោលបំណងធ្វើវារីវប្បកម្ម។
ក្រសួងកសិកម្មបានឱ្យដឹងដែរថាបើយោងតាមមតិអង្គប្រជុំទាំងមូលបានស្នើឱ្យត្រូវលុបទំនប់ប្រឡាយធ្វើឱ្យដូចស្ថានភាពដើមវិញក្នុងរយៈពេល២សប្តាហ៍សំណង់រោង និងបែរត្រូវរុះរើចេញ ឬអាច ផ្តល់ជូនសហគមន៍នេសាទយកទៅប្រើប្រាស់ជាប្រយោជន៍រួម៕
ដោយ៖មករា





