សម្ដេចធិបតី មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--«សម្ដេចបានលើកឡើង ដាច់ខាត ដាច់ខាត កម្ពុជាមិនទទួលឡើយ មិនទទួលឡើយនូវស្ថានភាព មិនទទួលដាច់ខាត ការកែប្រែខ្សែបន្ទាត់នយោបាយ ខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ។ បានន័យថា ទោះបីថៃបានឈ្លានពានយក និងបានកាន់កាប់ទឹកដីទាំងអស់នោះមែនពិត ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធិស្របច្បាប់ប្រកែកមិនបាន របស់ប្រទេសកម្ពុជា»។ នេះជាការថ្លែងរបស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។
ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាវេលាថ្ងៃត្រង់ ថៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង "កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ" នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្ដេចធិបតី បានលើកឡើងពីការពិត ដោយឈរលើគោលការណ៍មួយច្បាស់នោះគឺកម្ពុជាត្រូវតែផ្សព្វផ្សាយ កម្ពុជាត្រូវតែលាតត្រដាង ស្ថានភាពនៅតាមបណ្ដោយព្រំដែនជាមួយថៃដោយមិនបំផ្លើស ឱ្យហួសការពិត តែទន្ទឹមនេះ មិនបំព្រួញឱ្យតូចជាងការពិតទេ។
ក្នុងន័យនេះ សម្ដេចធិបតី លើកឡើងនូវចំណុចសំខាន់ៗបន្ថែមទៀតគឺ. ភាពតានតឹងអចិន្ត្រៃយ៍ កំពុងបន្តគ្របដណ្ដប់ ទៅលើបណ្ដោយព្រំដែនកម្ពុជា-ថៃ មូលហេតុគឺមកពីកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះដោយខុសច្បាប់អន្តរជាតិ។
មិនតែប៉ុណ្ណោះ កងទ័ពថៃកម្ទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរ និងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ ព្រមទាំងបានសាងសង់នៅលើដែនដីកាន់កាប់ទាំងអស់នោះ នូវផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទីនោះទៀតផង។
សម្ដេចធិបតី ក៏បានជម្រាប ឯកឧត្តម ម៉ាក្រុងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ ជំហរដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀងដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នារហូតមកទល់ពេលនេះ៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ហុង ម៉េងឡុង





