រដ្ឋបាលខេត្តបាត់ដំបង បញ្ជូនរថយន្តក្រុងចំនួន ៧៥គ្រឿង ដឹកជញ្ជូនសាធារណជន ក្នុងឱកាសបុណ្យចូលឆ្នាំ
AKP បាត់ដំបង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦---រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ។

រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ រថយន្តក្រុង(City Bus) ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនបង់ប្រាក់ និងទទួលបានទឹកពិសារបរិសុទ្ធសម្រាប់ការ ធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង ។
ខ្សែទី១. សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី ភ្នំពេញ-បាត់ដំបង ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ខ្សែទី២ .សម្រាប់ប្រជាពលរដ្ឋដែលនិងធ្វើដំណើរពី បាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបាត់ដំបងសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បាត់ដំបង ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៕
ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





