ប្រធានាធិបតីបារាំង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនឹងជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំងបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៦--ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (H.E. Emmanuel Macron) បានសម្តែងការជឿជាក់របស់លោកថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ នឹងជួយពង្រឹងទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។

បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតីជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៨ ខែមេសា លោកប្រធានាធិបតីបារាំងបាននិយាយថា «តាមរយៈហ្វ្រង់កូហ្វូនី យើងក៏បន្តដំណើររបស់យើង៖ បន្ទាប់ពីកិច្ចប្រជុំកំពូល Villers-Cotterêts ក្នុងឆ្នាំ២០២៤ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ដែលខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមនៅក្នុងខែវិច្ឆិកា។ វានឹងជាឱកាសមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលរួបរួមគ្នារបស់យើងបន្ថែមទៀត» ។
ឯកឧត្តម ម៉ាក្រុង ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតីផងដែរចំពោះការចូលរួមរបស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយនៅទីក្រុងលីយ៉ុងនៅថ្ងៃទី០៧ ខែមេសា និងសម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉ារីសនៅថ្ងៃទី០៨ ខែមេសា។
ឯកឧត្តមបានគូសបញ្ជាក់ថា «រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងគឺជ្រាលជ្រៅ ហើយបន្តពង្រឹងនៅក្នុងវិស័យនានា ដូចជាវិស័យថាមពល សុខភាព និងបេតិកភណ្ឌ»។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលនឹងនាំបណ្តាប្រទេសនិយាយភាសាបារាំងមកកាន់តំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំកំពូលនេះនឹងជាលើកទីពីរហើយដែលបានធ្វើឡើងនៅក្នុងតំបន់នេះក្នុងរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយកាលពីក្នុងឆ្នាំ១៩៩៧ ដែលបង្ហាញពីតួនាទីកាន់តែធំឡើងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
កម្ពុជាស្ថិតក្នុងចំណោមរដ្ឋសមាជិក និងរដ្ឋាភិបាលចំនួន៩០ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) រួមទាំងសមាជិកពេញសិទ្ធិចំនួន៥៣ សមាជិករងចំនួន០៥ និងអ្នកសង្កេតការណ៍ចំនួន៣២ ខណៈដែលអ្នកនិយាយភាសាបារាំងនៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣៩៦លាននាក់៕
ដោយ៖ យា ចិន្តាខន្តី





