ព្រឹទ្ធសភាប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦–ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ក្នុងពិធីនេះ ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជាមាន ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្សការព្រះរតនត្រ័យ សមា ទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងវេរប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗដល់ព្រះសង្ឃ ដើម្បីឧទ្ទិមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងវីរយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ។

បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិ នៅខាងមុខវិមានសាមគ្គីភាព។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ដល់១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ជាបុត្រីទី៣ នៃកបិល
មហាព្រហ្ម ត្រូវយាងចុះមកឃុំគ្រងមនុស្សលោក៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





