រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនាថ្ងៃទី៩-១០ ខែមេសា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងនៅសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់ប្រទេសចិននៅក្នុងខែឧសភា។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបាននិយាយថា រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ តាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដោយទីភ្នាក់ងារមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ដំណើរទស្សនកិច្ចនាពេលខាងមុខ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វ៉ាង ទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ហើយត្រូវបានគេរំពឹងថានឹងរួមបញ្ចូលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui) ។ កិច្ចពិភាក្សាចុងក្រោយទាំងពីរត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីខែកញ្ញាឆ្នាំមុន។
លោក វ៉ាង ក៏ទំនងជានឹងចូលជួបសម្តែងការគួរសមជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ផងដែរ។
ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ត្រាំ ទៅកាន់ប្រទេសចិននៅខែក្រោយសម្រាប់ការពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) ចំពេលមានការសង្ស័យថាលោក ត្រាំ អាចនឹងស្វែងរកជួបជាមួយលោក គីមក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចនេះបានកើតឡើង ខណៈដែលប្រទេសកូរ៉េខាងជើង និងចិន ទើបតែបានបន្តសេវាកម្មផ្លូវដែក និងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងដែលរងការខូចខាតដោយការចងសម្ព័ន្ធភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយប្រទេសរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





