រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ ពិភាក្សាគ្នាលើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក ជេយុន បាយរ៉ាម៉ូវ (Jeyhun Bayramov) កាលពីថ្ងៃពុធបានស្វាគមន៍ចំពោះបទឈប់បាញ់ដែលទើបប្រកាសថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក សេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi)ខណៈដែលភាគីទាំងពីរបានវាយតម្លៃសន្តិសុខក្នុងតំបន់ និងផលវិបាកនៃបទឈប់បាញ់។
យោងតាមសេវាសារព័ត៌មានរបស់ក្រសួងការបរទេសអាស៊ែបៃហ្សង់លោក បាយរ៉ាម៉ូវ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយស្ថានការណ៍តាមរយៈបណ្តាញការទូត។
លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចានាពេលខាងមុខនៅទីក្រុងអ៊ីស្លាម៉ាបាដនឹងផ្តល់លទ្ធផលជាក់ស្តែង និងមានផលិតភាព ដោយលោកបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ប្រទេសអាស៊ែបៃហ្សង់ក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលមានគោលបំណងពង្រឹងសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





