ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសូមចូលរួមផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍
AKP បាត់ដំបង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តដល់អ្នកសារព័ត៌ មាន និងអ្នកផលិតមាតិកាសូមចូលរួមផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍ អនាម័យបរិស្ថាន និងបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០ភាគរយ ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ដូចនេះ នៅពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។

ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្ថែមថា សង្ក្រាន្តបាត់ដំបងឆ្នាំនេះ មានរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង។
ឯកឧត្តម អភិបាលខេត្ត ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុលដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនកុះករ ៕
ដោយ ៖ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





