រដ្ឋមន្ត្រីក្រសួងអប់រំបានដាក់ចេញអនុសាសន៍ចំនួន៩ចំណុចដើម្បីឱ្យការអនុវត្តន៍គម្រោងកែលម្អការអប់រំចំណេះទូទៅកាន់តែមានភាពប្រសើរ
AKP ភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងកែលម្អការអប់រំចំណេះទូទៅ ដែលជាគម្រោងដ៏ធំមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍នានា មានចក្ខុវិស័យជំរុញការកសាងប្រព័ន្ធអប់រំមួយដែលមានគុណភាព សមធម៌ និងបរិយាបន្ន និងមានសមត្ថភាពពេញលេញសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសតវត្សទី២១។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារដែលសម្រេចបាននូវសមិទ្ធផលជាច្រើន និងបានដាក់អនុសាសន៍មួយចំនួន ដូចជា៖ ១.សូមក្រុមការងារជំនាញរៀបចំកម្មវិធីចុះទៅពិនិត្យមើលដោយផ្ទាល់ដល់សាលារៀនជាប្រចាំ ដើម្បីវិភាគ និងតាមដានឱ្យច្បាស់នូវស្ថានភាពជាក់ស្តែង ក្នុងគោលដៅដាក់ចេញនូវវិធានការឆ្លើយតបកាន់តែមានប្រសិទ្ធភាព។ ២.ចាប់ផ្តើមវិភាគស៊ីជម្រៅលើសូចនាករទាំងបរិមាណវិស័យ និងគុណវិស័យ។ ៣.សូមរៀបចំប្រព័ន្ធជាក់លាក់តែមួយក្នុងការពង្រឹងវិធីសាស្ត្របង្រៀន ដើម្បីធានាបាននូវគុណភាពអប់រំ។ ៤.រៀបចំសៀវភៅណែនាំគ្រូ ដើម្បីជំនួយដល់ការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ។ ៥.សូមរៀបចំសៀវភៅវិធីសាស្ត្របង្រៀន និងបញ្ជូនសៀវភៅនេះឱ្យដល់សាលារៀនគោលដៅ ដោយត្រូវបន្តជំរុញការអនុវត្តវិធីសាស្ត្របង្រៀនថ្មីឱ្យមានប្រសិទ្ធភាពខ្ពស់។ ៦.សូមបន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មសៀវភៅសិក្សាគោល។ ៧.រៀបចំជាប្រព័ន្ធគ្រប់គ្រងទិន្នន័យតែមួយ។ ៨.រៀបចំក្រុមការងារជំនាញផ្តោតលើការអភិវឌ្ឍវិធីសាស្ត្របង្រៀនឆ្លើយតបនឹងតេស្ត SEA-PLM និង PISA និង ៩.ត្រូវមានប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពការងារជាប្រចាំ ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា និងចំគោលដៅ។


សូមជម្រាបថា ចាប់តាំងពីការអនុវត្តន៍ក្នុងឆ្នាំ២០២២មក គម្រោងកែលម្អការអប់រំចំណេះទូទៅសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការជំរុញកំណើនសាលារៀនគំរូ ការអនុវត្តន៍ស្តង់ដាសា លារៀនគំរូ កែលម្អការគ្រប់គ្រងតាមសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសិក្សា អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងរៀបចំការវាយតម្លៃលទ្ធផលសិក្សាសិស្សជាទៀងទាត់ ដើម្បីដឹងពីកម្រិតសមត្ថភាពពិតប្រាកដ និងកែលម្អការបង្រៀនឱ្យចំគោលដៅ សំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងការផ្ដល់អាហារូបករណ៍ ព្រមទាំងការគាំទ្រសម្ភារៈសិក្សាដល់សិស្សក្រីក្រ ដែលជួយកាត់បន្ថយអត្រាបោះបង់ការសិក្សាបានមួយកម្រិតធំ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួយអប់រំ)





