លោកអភិបាលរងខេត្តព្រះសីហនុ នាំយកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតទៅប្រគល់ជូនវីរៈកងទ័ពទិសខេត្តព្រះវិហារ
AKP ព្រះសីហនុ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃពុធទី៨ ខែមេសា ឆ្នាំ២០២៦ លោក នៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរៈកងទ័ពជួរមុខនៅទិសខេត្ត ព្រះវិហារ ដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹក។
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះវីរៈកងទ័ពជួរមុខ សូមឱ្យមានសុខភាពល្អ កម្លាំងកាយសម្បទាខ្លាំងក្លាក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ ។


លោកអភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ចំពោះការចូលរួមបរិច្ចាគអំណោយ សម្រាប់ឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខនាពេលនេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងទឹកចិត្ត «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ក្នុងកិច្ចការពារខឿនការពារជាតិរបស់ប្រជាជន»។


អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២៤មុខ និងថវិកាចំនួន២០លានរៀល, កងកាំភ្លើងធំនៃកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ប្រចាំការនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន ២៥មុខ និងថវិកាចំនួន ២០លានរៀល ៕
ដោយ ងូ សុមុនី





