បារ៉ែនរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីការប្រកាសបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- នៅថ្ងៃពុធនេះ ប្រទេសបារ៉ែនបាននិយាយថា ខ្លួនត្រូវបានវាយប្រហារពីអ៊ីរ៉ង់ភ្លាមៗបន្ទាប់ពីការប្រកាសបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ក្រសួងមហាផ្ទៃរបស់ប្រទេសបារ៉ែន បាននិយាយថា ក្រុមការពារជនស៊ីវិលបានទប់ស្កាត់អគ្គីភ័យដែលបានផ្ទុះឡើងនៅកន្លែងមួយបន្ទាប់ពីការវាយប្រហារ ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។
នៅពេលមុននេះ ក្រសួងបាននិយាយថា សំឡេងស៊ីរ៉ែនព្រមានត្រូវបានបន្លឺឡើង ហើយបានជំរុញឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងស្វែងរកកន្លែងជ្រកកោនសុវត្ថិភាពដែលនៅជិតបំផុត។
ការវាយប្រហារទាំងនេះបានកើតឡើងនៅតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានយល់ព្រម «ផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍»។
ការកើនឡើងក្នុងតំបន់បានផ្ទុះឡើងនៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ផងដែរ។អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានធ្វើបច្ចុប្បន្នភាពអំពីចំនួនអ្នកស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។
អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានីអ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិកដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារ និងអាកាសចរណ៍សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





