លោក ដូណាល់ ត្រាំ ប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា នឹងផ្អាកសកម្មភាពយោធារយៈពេលពីរសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន។
លោក ត្រាំ បាននិយាយថា បន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ (Shehbaz Sharif) និងមេបញ្ជាការកងទ័ព លោក អាស៊ីម មូនៀរ (Asim Munir) លោកបានយល់ព្រមបញ្ឈប់ការវាយប្រហារដែលបានគ្រោងទុកទាក់ទងទៅនឹងការបើកច្រកសមុទ្រហ័រមុសឡើងវិញទាំងស្រុង ភ្លាមៗ និងដោយសុវត្ថិភាព។
លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍»។
លោកបានសរសេរបន្ថែមថា «នេះនឹងជាការឈប់បាញ់ទ្វេភាគី!»។
លោកបានកត់សម្គាល់ថា គោលបំណងយោធារបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចរួចហើយ ហើយការផ្អាករយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យភាគីទាំងពីរបញ្ចប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ។
នៅពេលមុននេះ លោក ត្រាំ បានផ្តល់ថ្ងៃឱសានវាទដល់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រមុសឡើងវិញ និងធ្វើឱ្យការផ្គត់ផ្គង់ប្រេង និងឧស្ម័នហូរចូលម្តងទៀតនៅវេលាម៉ោង ៨:០០នាទីយប់ (ម៉ោង 00:00GMT ថ្ងៃពុធ)។បើមិនដូច្នោះទេ លោកបានគំរាមកំហែងថា «អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ មិនអាចនាំមកវិញបានទេ»។
នៅលើបណ្តាញសង្គមអ៊ិច លោក ស្សារីហ្វ បានស្នើសុំឱ្យភាគីជម្លោះគោរពតាមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដើម្បី «អនុញ្ញាតឱ្យការទូតសម្រេចបាននូវការបញ្ចប់សង្គ្រាមជាស្ថាពរ»។
លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានទទួលសំណើ១០ចំណុចពីអ៊ីរ៉ង់ ហើយលោកជឿជាក់ថា វាជាមូលដ្ឋានដែលអាចដំណើរការបានដើម្បីចរចា។
លោកបានបន្ថែមថា «ចំណុចផ្សេងៗស្ទើរតែទាំងអស់នៃការឈ្លោះប្រកែកគ្នាកន្លងមកត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយរយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ និងសម្រេចបាន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





