រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងជំរុញឱ្យមានការឆ្លើយតបដោយរលូន ចំពេលដែលមានការព្រួយបារម្ភអំពីថាមពលជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក អាន គ្យូ-បាក (Ahn Gyu-back) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យយោធារក្សាឥរិយាបថត្រៀមខ្លួន ដោយធានា និងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងយ៉ាងហ្មត់ចត់ ក្នុងអំឡុងពេលវិបត្តិមជ្ឈិមបូព៌ា ដោយហៅប្រេងថា ជា «អ័ក្សនៃអំណាចប្រយុទ្ធ»។
លោក អាន បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកបានទៅទស្សនកិចច្ចកន្លែងផ្ទុកប្រេងមួយកន្លែងនៅមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងវ៉ុនជូ ចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងសេអ៊ូលនិងបានត្រួតពិនិត្យប្រព័ន្ធឆ្លើយតបបន្ទាន់ និងវិធានការសន្សំសំចៃថាមពលដែលកំពុងដំណើរការ។ នេះបើយោងតាមក្រសួងការពារជាតិបានចេញផ្សាយ។
លោក អាន បាននិយាយថា «ប្រេងមិនមែនគ្រាន់តែជាធនធាននោះទេប៉ុន្តែជាអ័ក្សនៃអំណាចប្រយុទ្ធ ដែលកំណត់សមត្ថភាពទ្រទ្រង់ប្រតិបត្តិការរបស់យោធារបស់យើង ខណៈដែលភាពមិនប្រាកដប្រជាទៅលើការផ្គត់ផ្គង់ថាមពលសកលលោកកំពុងកើនឡើងដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា»។
លោកបានបន្ថែមថា «យើងគួរតែរក្សាឥរិយាបថត្រៀមខ្លួន (របស់យើង) តាមរយៈការផ្គត់ផ្គង់ប្រេងដែលមានស្ថេរភាព និងការគ្រប់គ្រងដោយរលូន សូម្បីតែនៅក្នុងសម័យសន្តិភាពក៏ដោយ»។
តម្លៃប្រេងសកលលោកបានកើនឡើងយ៉ាងខ្លាំង ដោយសារច្រកសមុទ្រហ័រមុសត្រូវបានបិទចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលរំខានដល់ការផ្គត់ផ្គង់ប្រេងសកលលោក។ កូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលសម្រាប់វិស័យថាមពល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





