នាយករដ្ឋមន្ត្រីរុស្ស៊ី៖ វិបត្តិនៅមជ្ឈិមបូព៌ានឹងបង្កើនសម្ពាធអតិផរណាទូទាំងពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស្ស៊ូស្ទីន (Mikhail Mishustin) បាននិយាយនៅក្នុងវគ្គយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍស្មុគស្មាញប្រេងឥន្ធនៈ និងថាមពល ថា សម្ពាធអតិផរណានឹងកើនឡើងទូទាំងពិភពលោកដោយសារតែស្ថានភាពនៅឈូងសមុទ្រពែរ្ស។
លោក មីស្ស៊ូស្ទីន បាននិយាយថា «តម្លៃប្រេងបានកើនឡើងរាប់សិបភាគរយ ហើយតម្លៃឧស្ម័នកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ស្ទើរតែទ្វេដងទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប។ ទាំងអស់នេះនាំឱ្យមានអតុល្យភាពគួរឱ្យកត់សម្គាល់នៅក្នុងពាណិជ្ជកម្មសកលលោក»។
លោកបានកត់សម្គាល់ថា ប្រទេសមួយចំនួនត្រូវបានបង្ខំឱ្យកំណត់ការនាំចេញដើម្បីការពារទីផ្សារក្នុងស្រុករបស់ពួកគេ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់របស់ពួកគេ។
លោកបានព្រមានថា «តម្លៃប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងយន្តហោះនិងថ្លៃជួលនាវាកំពុងកើនឡើងទូទាំងពិភពលោក។ ការកើនឡើងនៃតម្លៃកិច្ចសន្យាប្រេង និងឧស្ម័ននឹងនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃបន្ទុកលើឧស្សាហកម្មពាក់ព័ន្ធ តែវាក៏នឹងប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូនភស្តុភារ និងអគ្គិសនីផងដែរ។ ថ្លៃដើមឧស្សាហកម្មនឹងកើនឡើង ហើយដូច្នេះសម្ពាធអតិផរណានឹងកើនឡើង ដោយលោកបានចង្អុលបង្ហាញថា ផលវិបាកនឹងលាតសន្ធឹងហួសពីភាពស្មុគស្មាញប្រេងឥន្ធនៈ និងថាមពលអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





