គណៈប្រតិភូវៀតណាមខេត្តដុងណាយ និងខេត្តតៃនិញ ចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ចាម ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--
គណៈប្រតិភូខេត្តចំនួន២ខេត្តរបស់ប្រទេសវៀតណាម គឺខេត្តដុងណាយ ដឹកនាំដោយ ឯកឧត្តម ឡេ ឡើងសឺន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងឯកឧត្តម ហ៊ូញ វ៉ាន់ស៊ីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទទួលស្វាគមន៍ ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងកិច្ចទទួលគណៈប្រតិភូ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។

ឯកឧត្តមអភិបាលខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តដុងណាយ និងខេត្តតៃនិញ ដែលជានិច្ចកាលតែងតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ចាម ជាពិសេសខេត្តដុងណាយ ដែលទើបនឹងចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តដុងណាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋបាលខេត្តកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ នឹងបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ប្រកបដោយនិរន្តរភាពយូរអង្វែង ស្របតាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្តកំពង់ចាម និងខេត្តដុងណាយ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំខេត្ត តែងតែបានបញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក ព្រមទាំងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ព្រមជាមួយកិច្ចសហប្រតិបត្តិការបានល្អ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតផង៕

ដោយ ឆាយ ម៉ុត





