ប្រជាពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចក ទទួលអំណោយស្បៀងអាហារ សម្ភារៈប្រើប្រាស់ពីព្រះសង្ឃ និងសប្បុរសជន
AKP សៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសារ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២៦នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសង្កាត់។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានលើកឡើងថា ចំពោះការចែកជូនអំណោយដល់បងប្អូនមានជីវភាពខ្វះខាតនាពេលនេះ គឺជាទឹកចិត្តនិងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូន។ ដោយសកម្មភាពទាំងនេះបង្ហាញថា អាជ្ញាធរមិនទុកបងប្អូនចោលឡើយ។ លោកស្រីបន្ថែមថា ចំពោះអំណោយដែលមានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជន និងព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសង្កាត់គោកចក។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ បានមានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឱ្យទាននូវអាហារ ឈ្មោះថាឱ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឱ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម។ ព្រះអង្គបានមានថេរដីកា បន្តទៀតថា វត្តអារាម ព្រះសង្ឃ ទីពឹងទៅលើបងប្អូនពុទ្ធបរិស័ទ នៅពេលដែលប្រជាពុទ្ធបរិស័ទមានទុក្ខលំបាក ក៏ត្រូវការ ទីពឹងព្រះសង្ឃ វិញផងដែរ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងកោតសសើរចំពោះស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែករបស់ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក៏ដូចជាសប្បុរសជន ដែលបានចំណាយទាំងព្រះកាយពល កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនដើម្បីនាំយកអំណោយមកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រយើងនាពេលនេះ។
លោកបន្តថា សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពមួយគ្រានោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់បងប្អូនដែលកំពុងខ្វះខាត។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងស្ថានភាពណាក៏ដោយ ខ្មែរយើងតែងតែចេះជួយគ្នា ស្រឡាញ់គ្នា និងមិនបោះបង់គ្នាឡើយ ស្របតាមពាក្យស្លោកថា មហាគ្រួសារខ្មែរ រួមសុខរួមទុក្ខជាមួយគ្នា៕
ដោយ ឃុត សៅ





