គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាចុងសប្ដាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម Tran Cam TU សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ ទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដែលជាការតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងសេចក្តីប្រកសព័ត៌មានបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ ដើម្បីបន្ត អនុវត្តន៍នូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់ គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវិត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុងពង្រឹងពង្រីកលើគ្រប់កម្រិត។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តម Tran Cam TU គ្រោងចូលជួបសម្តែងការគួរសម នឹង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
ដោយ៖ ជឹម ណារី





