ការប្រណាំងរទេះសាឡី ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២៦ --
ក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ មានរៀបចំការប្រណាំងរទេះសាឡី ដើម្បីអបអរសាទរព្រឹត្តិការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០២៦ ដោយមានការចូលរួមទស្សនាពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត រួមនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រណាំងរទេះសាឡីនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន២ រួមមាន ទី១.ការរំលឹកគុណចំពោះសត្វគោ ដែលជាសត្វពាហនៈផ្តល់កម្លាំងអូសទាញយ៉ាងសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅ និងការបង្កបង្កើនផលស្រែចម្ការរបស់ប្រជាកសិករខ្មែរតាំងពីបុរាណកាលមក និងទី២.ការថែរក្សាវប្បធម៌ និងកេរដំណែលដូនតា ដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់ បានដឹង និងរួមគ្នាថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃនេះកុំឱ្យបាត់បង់។ ទន្ទឹមនឹងនេះ វាក៏ជាការបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទស្សនាកម្សាន្តនៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ ដែលបានមកទស្សនា និងលើកទឹកចិត្តដល់កីឡាករបររទេះគោទាំងអស់ បង្កឱ្យបរិយាកាសមានភាពអធឹកអធម និងសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តតាកែវ)





