ផ្ទះ និងដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ច១២៦ខ្នងផ្ទះ ផ្ដល់ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨នៅស្រុកកំពង់រោទិ៍ ជាការលើកទឹកចិត្ដក្នុងបុព្វហេតុជាតិ
AKP ស្វាយរៀង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--
ផ្ទះ និងដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ច១២៦ខ្នង ត្រូវបានផ្ដល់ជូនដល់ដៃគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ជាការលើកទឹកចិត្ដក្នុងបុព្វហេតុជាតិមាតុភូមិ។ អតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់ផ្ទះ និងដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានក្រើនរំលឹក និងណែនាំ ជាប្រចាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះអតីតយុទ្ធជន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តនេះ គឺក្រោមការដឹកនាំដ៏ប៉ិនប្រសពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចលេខ ២៤ សសរ ស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីសម្រេចនោះ បានកំណត់ថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ មានតួនាទីភារកិច្ច៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក រៀបចំសមាជិក ដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ដថា សម្តេចតេជោ និងសម្តេចមហាបវរធិបតីបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណដល់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កន្លង ទៅនេះក៏មានពិធីចាប់ឆ្នោត ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍លំនៅឋាន សម្រាប់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះផងដែរ។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន៥៥០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ចំនួន១២៦ខ្នងផ្ទះ ទទួលបាន៖ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ ១យួរ មី ១កេស អង្ករ២០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ចំណែកឯប្រជាពលរដ្ឋអ្នកចូលរួមក្រៅពីម្ចាស់ផ្ទះ មានចំនួន ៣២៥គ្រួសារទៀត ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕
ដោយ សួស សំរិត





