ទូតកម្ពុជាប្រចាំកូរ៉េ កោតសរសើរចំពោះបងប្អូនសហមន៍ខ្មែរ ដែលបានសាមគ្គី ភាពគ្នាជាធ្លុងមួយ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េបានកោតសរសើរចំពោះបងប្អូនសហមន៍ខ្មែរ ដែលបានសាមគ្គីភាពគ្នាជាធ្លុងមួយ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី កាលពីថ្ងៃ ទី០៥ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចូលរួមសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្មវិធីនេះត្រូវបានមូលមតិគ្នារៀបចំដោយសមាគមខ្មែរទីក្រុងគីមហេ និងសហការជាមួយមជ្ឈមណ្ឌល Gimhae Support Center for Foreign Workers នៅក្រុងគីមហេ Gyeo ngsangnam-do នៃប្រទេសកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរចំនួនប្រមាណ ២០០០ នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករខ្មែរតាមស្តង់ម្ហូប ក៏ដូចជាបងប្អូនពលលរ-ពលការិនីផងដែរ។

ឯកឧត្តមបានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះបងប្អូនសហមន៍ខ្មែរ ដែលបានសាមគ្គីភាពគ្នាជាធ្លុងមួយ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម ក្នុងស្មារតីសាមគ្គីរួបរួមជាតិ និងការគោរពដឹងគុណចំពោះវីរ:កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅលើសមរភូមិនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសកូរ៉េ បន្តរក្សាអត្តសញ្ញា ណជាតិ ប្រពៃណីវប្បធម៌ និងភាសាខ្មែរ ព្រមទាំងចូលរួមជាផ្នែកមួយក្នុងការពង្រឹងសាមគ្គីភាពជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕
ដោយ៖ ប៊ុនរិទ្ធ





