ឯកឧត្ដម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងក្នុងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគកោះពស់ ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព និងតំណាងក្រុមហ៊ុនកោះពស់ នៅព្រឹកថ្ងៃអង្គារទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ។

តាមតំណាងក្រុមហ៊ុនកោះពស់បានឱ្យដឹងថា ក្រុមហ៊ុនបានបើកឱ្យដំណើការជូនបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្តនៅលើកោះពស់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ហើយក៏មានសាធារណៈជនចូលទស្សនាកម្សាន្ត ក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបើកឱ្យដំណើការកោះពស់ ជាពិសេសនៅចុងសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ យើងសង្កេតឃើញមានរថយន្តប្រមាណជា ១.០០០គ្រឿង និងម៉ូតូប្រមាណជា ២.៥០០គ្រឿង បើកបរឆ្លងកាត់ចូលទៅលេងកោះ ព្រោះរមណីយដ្ឋានកោះពស់ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានការចាប់អារម្មពីសាធារណជន។

ទន្ទឹមនឹងការបើកឱ្យដំណើការ ទាមទារឱ្យមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ខេត្ត ជាពិសេសគឺសមត្ថកិច្ចក្នុងចូលរួមជួយសម្រួលចរាចរណ៍ និងការងារសង្គ្រោះ តាមប្លង់មេរបស់ក្រុមហ៊ុន ក៏ដូចរាជរដ្ឋាភិបាលរក្សាព្រៃឈើឱ្យមានភាពបៃតងនៅលើកោះពស់ នៅលើកោះមានឆ្នេរខ្សាច់មិនធំទូលាយ ប្រសិនបើប្រជាពលរដ្ឋចូលលេងកម្សាន្តច្រើន ឆ្នេរខ្សាច់មិនអាចមានកន្លែងសម្រាប់ទទួលសាធារណជនបានទេ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។

ទន្ទឹមនឹងការបើកឱ្យចូលលេងកម្សាន្ត យើងពិនិត្យឃើញថា នៅមានគំនរសំរាមជាច្រើនបង្កឱ្យមានផលប៉ះពាល់អនាម័យ បរិស្ថាននៅលើកោះ ក្រុមហ៊ុនស្មើសុំដាក់បង្គន់អនាម័យចល័តចំនួន ៨បង្គន់ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋប្រើប្រាស់។ លោកតំណាងក្រុមហ៊ុន ក៏បានសំណូមពរ សុំបើកក្នុងមួយសប្តាហ៍ចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បត្តិ៍រហូតដល់ថ្ងៃអាទិត្យ បើកចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៧:០០យប់ សម្រាប់ថ្ងៃចន្ទដល់ថ្ងៃពុធ ទុកពេលឱ្យក្រុមហ៊ុនរៀបចំសម្អាតឡើងវិញ និងស្មើសុំកម្លាំងពាក់ព័ន្ធជួយសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណ ហើយក្រុមហ៊ុន និងបន្តសហការជាមួយរដ្ឋបាលខេត្តក្នុងការបើកឱ្យដំណើការប្រកបដោយការទទួលខុសត្រូវ ដោយធានាសន្តិសុខបានល្អ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំសម្រាប់ក្រុមហ៊ុនត្រូវទទួលខុសត្រូវក្នុងការរៀបចំកែលម្អថែរក្សាអនាម័យ បរិស្ថាននៅទីតាំងក្រុមហ៊ុននីមួយៗ ដោយក្រុមហ៊ុន និងដៃគូរសហការរៀបចំបើកលំហឆ្នេរសាធារណឱ្យមានសោភ័ណភាព ។ ពាក់ព័ន្ធគម្រោងរបស់ក្រុមហ៊ុន៨៥៥ ក្រុមហ៊ុនក៏ត្រូវទទួលការខុសត្រូវអភិវឌ្ឍន៍ធ្វើឱ្យកោះមានដង្ហើមដកឡើងវិញ និងបានធ្វើការណែនាំឱ្យរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំណតរថយន្តឪ្យបានត្រឹមត្រូវ និងរៀបចំស្លាកសញ្ញាហាមឃាត់នៅតាមទីតាំងដែលមានផលប៉ះពាល់សម្រាប់ការដ្ឋាន និងតំបន់គ្រោះថ្នាក់ជាដើម៕

ដោយ៖ ងូ សុមុនី





