អភិបាលស្រុកស្ទោង: ការធ្វើផ្ទះថ្មីជូនអតីតយុទ្ធជន និងនិវត្តជន គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន
AKP កំពង់ធំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការធ្វើផ្ទះថ្មីជូនអតីតយុទ្ធជន និងនិវត្តជន គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មី ព្រមទាំងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់អតីតយុទ្ធជននៅក្នុងភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមេសាឆ្នាំ ២០២៦ នេះ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងឱកាសនេះ គឺជាការតបស្នងសងគុណដល់លោក ជា សារុន ជាអតីតយុទ្ធជនដែលបានធ្វើពលីសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងបូរណភាពទឹកដីព្រមទាំងសុខសន្តិភាព និងបានណែនាំដល់លោក ជា សារុន ត្រូវរស់នៅប្រកបដោយភាពជឿជាក់ខ្ពស់ និងមានអនាម័យល្អព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ។ ត្រូវចេះតាមដានស្ថានភាពសុខភាពរបស់ខ្លួនឱ្យបានហ្មត់ចត់ ជាពិសេសត្រូវប្រញាប់ទៅជួបគ្រូពេទ្យក្នុងស្ថានភាពមិនប្រក្រតីណាមួយនៃសុខភាព ដើម្បីធានាបាននូវការប្រឹក្សាយោបល់ និងសង្គ្រោះ ព្យាបាលបានទាន់ពេលវេលា។

លោកសាយ គឹមឡម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាជ្ញាធរឃុំសំព្រោជព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបាននិងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរកន្លងមក ជាពិសេសការរួបរួមសាមគ្គីសហការគ្នាក្នុងនាមសមរភូមិក្រោយឧបទ្ថម្ភគាំទ្រ វីរកងទ័ពជួរមុខ ព្រមទាំងក្រុមគ្រួសារកងទ័ព និងជនភៀសសឹកដែលបានមកដល់មូលដ្ឋានខ្លួនប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ក្នុងឱកាសនោះ លោក សាយ គឹមឡម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់លោក ជា សារុន និងចែកសំលៀកបំពាក់មួយចំនួនដល់បងប្អូនពលរដ្ឋដែលបានចូលរួមប្រមាណ ៤០នាក់ផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





