ឯកឧត្តម គួច ចំរើន នាំអំណោរបស់ សម្តេចមហាបវរធិបតី ជូនគ្រួសារសពវីរៈកងទ័ពពលី នៅស្រុកកៀនស្វាយ
AKP កណ្តាល ថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមមានកងកម្លាំងទាំង៣ និងអាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុមគ្រួសារនៃសពលោក សឿង ប៉ី វីរៈកងទ័ពបម្រើការនៅកងអន្តរាគមន៍លេខ៣២៤ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានទទួលមរណភាព នៅថ្ងៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។

ក្នុងឱកាសនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស។ ហើយយើងគ្រប់គ្នាចងចាំនូវវីរភាព និងការលះបង់របស់វីរៈកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ ដើម្បីបន្តរួមចំណែកជាមួយកម្ពុជា ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរៈកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផង។

ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងអន្តរាគមន៍លេខ៣២៤ កងពលធំអន្តរាគមន៍លេខ៣ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ លោក សឿង ប៉ី គឺជាការបាត់បង់កូន បង ប្អូន ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះអ្នកម្តាយ ហើយក៏ជាការបាត់បង់នូវកុលបុត្រខ្មែរមួយរូបដ៏អង់អាចក្លាហាននៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោជំទាវបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សឿង ប៉ី សូមឱ្យចាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានប្រគល់គ្រឿងឧបភោគបរិភោគ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព រួមមាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ១០កេស ទឹកក្រូច និងភេសជ្ជៈ ៥កេស មី ៥កេស ត្រីខ ៥យួរ និងថវិកាចំនួន ៤០លានរៀល៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





